ពោធិ៍សាត់៖ មន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ បានចេញញត្តិគាំទ្រសាលក្រមកាត់ទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
មន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់លើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចាត់ទុកការសម្រេចរបស់តុលាការដែលជាអំណាវឯករាជ្យ និងដំណើរការជំនុំជម្រះក្ដីតាមនីតិវិធី និងច្បាប់ជាធរមាន គឺជាចំណាត់ការផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ និងយ៉ាងម៉ឺងម៉ាត់ចំពោះឱក្រិដ្ឋកម្មក្បត់ជាតិ ដែលបានប្រព្រឹត្តិដោយបុគ្គលជនជាតិខ្មែរពាក់ព័ន្ធ និងការឃុបឃិតជាមួយជនបរទេសដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់សន្ដិសុខ និងរដ្ឋអធិបតេយ្យមួយ»។
កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។
លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។
ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ព័ណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»។
ទោះជាយ៉ាងណាដើម្បីរក្សាកិត្តិយស និងទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងនោះតុលាការសម្រេចថាមិនយករដ្ឋបរទេសមកពាក់ព័ន្ធនឹងការចោទប្រកាន់ ហើយមិនប្រើឈ្មោះរដ្ឋបរទេសទាំងនោះក្នុងសាលក្រមតុលាការឡើយ៕