ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកមួយជីវិតផងដែរ។ លោក ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណាទាំងអស់ក្រៅពីសមាជិកគ្រួសារ។
បើពិនិត្យលើអង្គហេតុនៃសំណុំរឿងលោក កឹម សុខា និងសំដីផ្ទាល់របស់លោក កឹម សុខា តាមរយៈវីដេអូដែលជាភស្ភុតាងរបស់មេធាវីការពារក្ដីឱ្យលោក កឹម សុខា «ផែនការរបស់រដ្ឋបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំជាច្រើនឆ្នាំត្រូវរលាយដោយសារមាត់របស់លោក កឹម សុខា តែម្ដង»។
ក្នុងឯកសារជំនួយស្មារតីទាក់ទងនឹងសំណុំរឿងរបស់លោក កឹម សុខា អង្គហេតុសំខាន់២ ដែលតុលាការយកមកបានចោទប្រកាន់និងផ្តន្ទាទោសលោក កឹម សុខា គឺតាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយដោយ CBN ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី បានបង្ហាញពីការថ្លែងរបស់លោក កឹម សុខា រៀបរាប់ពីផែនការសម្ងាត់ដែលត្រូវបានបរទេសរៀបចំតាំងពីឆ្នាំ១៩៩៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
ក្នុងវីដេអូនោះលោក កឹម សុខា បានថ្លែងថា៖ «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិក រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ ក្នុងនាមជាំអ្នកនយោបាយខ្មែរនៅក្នុងប្រទេស ដើម្បីឱ្យយល់ពីដំណើការប្រជាធិបតេយ្យ គេជួយមួយឆ្នាំខ្ញុំទៅម្ដង តាំង១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្ដូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយគន្លាក់សិន មួយដំណាក់កាលសិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅចន្លោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។
លោក កឹម សុខា បានបញ្ជាក់ក្នុងវីដេអូនោះបន្ថែមថាការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០០២ ត្រូវបានបង្កើតឡើងមកតាមការចង់បានរបស់បរទេសក្នុងការផ្លាស់ប្ដូរពីក្រោមទៅមុនដែលជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យទាំងនោះក្នុងការផ្លាស់ប្ដូរមេដឹកនាំក្នុងប្រទេស ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី។
លោក កឹម សុខា បានប្រកាសក្នុងវីដេអូនោះថាយុទ្ធសាស្ត្រនេះគ្មានអ្នកណាដឹងទេ គឺមានតែលោកប៉ុណ្ណោះ។
លោកថា៖ «គេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអស់មានអ្នកណាដឹងទេ ប៉ុន្ដែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះយើងឈានដល់មួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យដឹង ហើយនៅបន្តទៀតដោយជោគជ័យយើងទទួលបាន ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ! គឺមានអ្នកជំនាញការសាស្ត្រាចារ្យប្រូហ្វេស័រ នៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតុនឌីស៊ី នៅទៅក្រុងម៉ុនរ៉េអាល ប្រទេសកាណាដា ដែលអាមេរិកាំងគេជួយមកដើម្បីការផ្ដល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្ដូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយបើមិនបានជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។
វីដេអូឃ្លីបនេះគឺជាភស្ភុតាងដ៏សំខាន់នៅក្នុងសំណុំរឿងនេះព្រោះបានទម្លាយឱ្យដឹងពីផែនការសម្ងាត់របស់លោក កឹម សុខា ក្នុងការឃុបឃិតជាមួយបរទេសក្បត់នឹងកម្ពុជា និងធ្វើឱ្យយល់ដឹងថាសកម្មភាពទាំងឡាយដែលលោក កឹម សុខា អនុវត្តគឺសុទ្ធតែធ្វើតាមការគូសវាសក្នុងផែនការសម្ងាត់របស់បរទេសទាំងអស់។
ក្នុងឯកសារជំនួយស្មារតីទាក់ទងនឹងសំណុំរឿងរបស់លោក កឹម សុខា បានកត់សម្គាល់ពីសកម្មភាពដ៏យូរអង្វែងរបស់បរទេសដែលមានលោក កឹម សុខា ជាអ្នកអនុវត្តន៍ដែលរាប់ចាប់តាំងពីការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការបង្កើតគណបក្សសិទ្ធិមនុស្ស ការបញ្ចូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍នៃការតវ៉ាជាបន្តបន្ទាប់នៅមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ជាពិសេសការប្រមូលកម្លាំងមហាជនដ៏ធំក្រោមលេសនៃការតវ៉ាលើលទ្ធផលបោះឆ្នោត ហើយបានឈានជើងទៅដល់ដំណាក់កាលទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងជាដើម។
ទោះជាយ៉ាងណាផែនការបរទេសនេះត្រូវបានរលាយទាំងស្រុងមួយឆ្នាំមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដោយសារសំដីរបស់លោក កឹម សុខា ផ្ទាល់ខ្លួនដែលត្រូវរដ្ឋាភិបាលកម្ពុជារកឃើញ។
ការកាត់ទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ត្រូវបានទទួលស្វាគមន៍និងអបអរសាទរជាបន្តបន្ទាប់ តាមរយៈញត្តិដ៏ច្រើនពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គការសង្គមស៊ីវិល និងពីប្រជាជនកម្ពុជា គាំទ្រចំណាត់ការនេះ៕