បារាំង៖ ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St Germain នឹងអវត្តមានពីការប្រកួតបន្ទាប់ចំនួនពីរជាមួយក្លិបជើងឯកបារាំងមួយនេះដោយសាររបួសក-ជើង។ នេះបើតាមការឱ្យដឹងពីគ្រូបង្វឹក លោក Christophe Galtier ដែលមានន័យថាកីឡាកររូបនេះនឹងអវត្តមានក្នុងជំនួបជាមួយក្រុម Nantes នៅ Ligue1 និងការជួបជាមួយ Bayern Munich ក្នុងការប្រកួត Champions League ជើងទី២។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេសែងចេញពីទីលាន ក្នុងអំឡុងការប្រកួតដែល PSG ឈ្នះក្លិប Lille ៤-៣ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដែលក្រោយមកក្លិបបានបញ្ជាក់ថានោះគឺជារបួសពាក់ព័ន្ធនឹងក-ជើង។ ក្រោយអវត្តមានរបស់ Neymar លោក Galtier និយាយថា លោកមានគម្រោងប្រើប្រាស់ខ្សែបម្រើបន្ថែមជៀសជាងការដាក់ប្រយុទ្ធជំនួស ដែលជាក់ស្ដែងលោកបានដឹកនាំក្រុម PSG ឈ្នះ Olympique de Marseille ៣-០ កាលពីសប្តាហ៍មុន។
ក្រុមការពារតំណែងជើងឯក Ligue1 មួយនេះដែលកំពុងអវត្តមានខ្សែការពារ Achraf Hakimi ផងនោះ កំពុងស្វែងរកការវាយបកទៅលើក្រុមម្ចាស់ផ្ទះ Bayern Munich វិញ បន្ទាប់ពីកាលពីជើងទី១ នៅកីឡដ្ឋាន Parc Des Prince ក្រុមរបស់លោក Christophe Galtier ត្រូវបានក្រុមភ្ញៀវនាំមុខ ១-០ ប៉ុន្តែគ្រូបង្វឹករូបនេះអះអាងថា អ្វីដែលក្រុមកំពុងផ្តោតគឺការប្រកួតទល់នឹង Nantes នាវេលាម៉ោង ៣ទាបភ្លឺនេះជាមុនសិន។
គួរបញ្ជាក់ថា ក្រុម Paris Saint-Germain នឹងបន្តដំណើរទៅប៉ះ Bayern Munich ការប្រកួត UEFA Champions League ជើងទីពីរនាថ្ងៃទី០៩ ខែមីនាខាងមុខនេះ៕