ចិន៖ ក្រោយទទួលបន្ទុកក្រុមប្រឹក្សារដ្ឋរបស់ចិនរយៈពេលជាងមួយទស្សវត្ស លោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង (Li Keqiang) គ្រោងនឹងផ្តល់របាយការណ៍ចុងក្រោយរបស់លោកទៅកាន់រដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំនៃសភាកំពូលរបស់ចិនបានកោះប្រជុំកិច្ចការនយោបាយប្រចាំឆ្នាំរបស់ខ្លួននៅសប្តាហ៍នេះ មុនពេលលោកសម្រេចលាលែងពីឆាកនយោបាយ។ ការលាលែងនេះបន្ទាប់ពីលោកមកឈានដល់ឆ្នាំចុងក្រោយនៃអាណត្តិទីពីររបស់លោក ដែលលោកធ្លាប់បានបញ្ជាក់កាលពីឆ្នាំមុនហើយថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ថា នេះក៏ជាការចាកចេញពីឆាកនយោបាយដ៏គួរឱ្យកត់សម្គាល់ក្នុងតំណែងមេដឹកនាំជាន់ខ្ពស់ចិន ពោលគឺលោក Li Keqiang សម្រេចចូលនិវត្តន៍ត្រឹមវ័យ៦៧ឆ្នាំ បើទោះបីជាអាយុកំណត់ចូលនិវត្តន៍មិនផ្លូវការនៅវ័យ ៦៨ឆ្នាំក្តី។ ជោគវាសនារបស់លោក Li ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសមាជរបស់បក្សកុម្មុយនិស្តចិនក្នុងខែតុលាឆ្នាំមុន នៅពេលដែលលោកត្រូវបានដកចេញពីបញ្ជីឈ្មោះថ្នាក់ដឹកនាំកណ្តាលរបស់គណបក្ស។
លោក Li ធ្លាប់ត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានឥទ្ធិពលខ្ពស់នៅក្នុងតួនាទីដ៏ធំមួយនេះ ប៉ុន្តែក្រោយមកត្រូវបានគេមើលរំលងទៅវិញ ពោលគឺបន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping សម្លឹងឃើញបុគ្គលផ្សេងដែលមានលក្ខណៈសម្បត្តិសមរម្យ ព្រមទាំងជាអ្នកដែលស្មោះត្រង់នឹងលោកឱ្យមកកាន់តំណែងនេះជំនួសវិញ។
ផ្អែកតាមក្រុមអ្នកវិភាគនយោបាយល្បីបានសម្លឹងមើលឃើញថា អតីតប្រធានបក្សសៀងហៃ លោក Li Qiang ដែលបច្ចុប្បន្នមានវ័យ ៦៣ឆ្នាំ ហើយកំពុងស្និទស្នាលខ្លាំងជាមួយលោកប្រធានាធិបតី Xi គឺជាបុគ្គលដែលមានភាគរយខ្ពស់បំផុតក្នុងការមកកាន់តំណែងកំពូលនេះបន្តពីលោក Li Keqiang៕