ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រសេចក្ដីសំម្រេចរបស់តុលាការលើទោសលោក កឹម សុខា

ភ្នំពេញ៖ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រសេចក្ដីសម្រេចកាត់ទោសលោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយថាជារឿងត្រឹមត្រូវសម្រាប់ការពារសន្ដិភាពដែលមាននៅកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែមីនានេះ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្តុំសមាគមសារព័ត៌មាន ១៤នៅកម្ពុជា បានលើកឡើងថា ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល ២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ បើប្រៀបធៀបទៅនឹងទោសឧក្រិដ្ឋរបស់មនុស្សមួយចំនួនដែលសម្ព័ន្ធថាបានសាងអំពីក្បត់ជាតិក្នុងសម័យ សម្ដេច សីហនុ។

សម្ព័ន្ធសមាគមកាសែតមួយនេះបានរម្លឹកទៅកាន់អតីតកាលកម្ពុជា ដែលពេលនោះរដ្ឋាភិបាលសម្ដេច ព្រះនរោត្តម សីហនុ បានសម្រេចយកអ្នកដែលត្រូវកាត់ទោសពីបទក្បត់ជាតិយកទៅប្រហារជីវិត។

សម្ព័ន្ធការសែតនេះបានសរសេរថា៖ «កម្ពុជាក្នុងទសវត្សរ៍១៩៦០ ធ្លាប់កាត់ទោសប្រហារជីវិត ព្រាប អ៉ិន និងគូកន នៅត្រពាំងក្រឡឹង ពីទោសក្បត់ជាតិ។ នៅគ្រានោះ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហាក់មិនឈប់ឈរសោះ ហើយជាអកុសល នយោបាយឃុបឃិតជាមួយបរទេសរបស់ លន់ នល់ បាននាំឱ្យកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលលទ្ធផលបាននាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងកើតឡើងនូវរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាង៣លាននាក់ និងរស់នៅជាមួយភ្នំឆ្អឹង ស្ទឹងទឹកភ្នែក ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ត្រូវខ្ទេចខ្ទាំក្លាយជាផេះផង់»។

សម្ព័ន្ធកាសែតនេះបានកត់សម្គាល់ថា នេះជាមេរៀនប្រវត្តិសាស្ត្រដែលកម្ពុជាដាច់ខាតមិនត្រូវអនុញ្ញាតឱ្យនយោបាយជ្រុលនិយម ដែលដើម្បីតែមហិច្ឆតាអំណាចផ្ទាល់ខ្លួន ឃុបឃិតជាមួយបរទេស មកបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញកម្ពុជាសារជាថ្មីឡើយ។

ជាមួយគ្នានឹងការកាត់ទោសលោក កឹម សុខា សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាបានកត់សម្គាល់ឃើញថា មានបរទេសខ្លះបានថ្លែងសារបែបចំអកមកលើចំណាត់ការរបស់តុលាការ ដែលបង្ហាញឲ្យឃ់ញថា ជាការលាតត្រដាងឱ្យឃើញច្បាស់វិញថា គេសុខចិត្តបិទភ្នែក និងបិទត្រចៀកដោយមិនខ្វល់ពីអង្គហេតុនិងទង្វើរបស់ កឹម សុខា។

សម្ព័ន្ធនេះបន្ថែមថា៖ «គេនិយាយអំពីនីតិរដ្ឋ តែផ្ទុយទៅវិញគេទាត់ចោលផ្លូវច្បាប់របស់ប្រទេសអធិបតេយ្យមួយ ហើយថែមទាំងទាត់ចោលការឈឺចាប់ពីមេរៀនអតីតកាល និងការប្រឹងប្រែងក្នុងបច្ចុប្បន្នរបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរទេសខ្លះបានប្រើប្រាស់វោហារសាស្ត្រសិទ្ធិនិងសេរីភាព ធ្វើជាស្បៃដ៏ពិសពុលបិទបាំងលើទង្វើទុច្ចរិតរបស់ពួកជ្រុលនិយម»។

កាលពីថ្ងៃទី៣ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ដោយបានដកសិទ្ធិនយោបាយរបស់លោកផងដែរ។

លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោកក្នុងសង្កាត់បឹងកក់ទី២ ខែទួលគោល រាជធានីភ្នំពេញ និងហាមមិនឱ្យជួបនណារទាំងអស់ក្រៅពីសមាជិកគ្រួសារ។

ការកាត់ទោសលោក កឹម សុខា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា «ការធ្វើសកម្មភាពសកម្មភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក កឹម សុខា កាលពីកន្លងទៅគឺមានគោលដៅដើម្បីធ្វើបដិវត្តន៍ព័ណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ»។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ជនជាប់ចោទបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ព័ណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក