ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីសម្រេចនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីដោយជោគជ័យជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល ឱ្យដឹងថា ការអនុគ្រោះពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានកាសែត និងអនឡាញនេះ ធ្វើឡើងក្នុងស្មារតីយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជួបជុំលើកទី ៥ ជាមួយអ្នកសារព័ត៌មាន។
អគ្គនាយកពន្ធដារ បានណែនាំឲ្យអនុវត្តក្នុងការយកពន្ធប៉ាតង់ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលបានធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត ឬអនឡាញដែលមានអ្នកជាប់ពន្ធតូចដូចជា ទី១ ត្រូវចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបានចុះបញ្ជីជោគជ័យជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈក្នុងកម្ពុជា។
ចំពោះអ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើការប្រកាសពន្ធប៉ាតង់តាមប្រព័ន្ធអនឡាញប្រចាំឆ្នាំ តែពុំតម្រូវឱ្យបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
ចំណុចទី២ ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលកំពុងប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចដូចជាចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់បញ្ចិកាគណនេយ្យឱ្យបានត្រឹមត្រូវ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និង បំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត។
គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ការអនុគ្រោះពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ដល់សារព័ត៌មានអនឡាញនៅកម្ពុជា ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណជិត ៥ ០០០ នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕