វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានធ្វើការដឹកជញ្ជូននូវរថយន្ត ៤៥គ្រឿងដំបូងរបស់ខ្លួនតាមការបញ្ជាទិញទៅកាន់រដ្ឋកាលីហ្វ័រញ៉ា (California) ដែលជាការលក់ចេញក្រៅប្រទេសវៀតណាមជាលើកដំបូងបង្អស់របស់ខ្លួន។
ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC ធ្លាប់បានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ៩៩៩គ្រឿងទៅកាន់រដ្ឋកាលីហ្វ័រញ៉ាកាលពីខែវិច្ឆិកា ប៉ុន្តែត្រូវជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹងការចំណាយ និងការរៀបចំដឹកជញ្ជូនការចែកចាយរបស់ខ្លួន។
កន្លងមក ក្រុមហ៊ុន VinFast បានជួបប្រទះនូវការខឹងសម្បារ និងការខកចិត្តជាខ្លាំងពីសំណាក់អ្នកដែលបានកក់ទុក ក្រោយពេលដែលក្រុមហ៊ុនបានធ្វើការប្រកាសថាម៉ូដែល VF8 នឹងមានថាមពលអាគុយទាបជាងអ្វីដែលផ្នែកទីផ្សារបានផ្សព្វផ្សាយ។ ក្រុមហ៊ុន VinFast បានប្រកាសថា រថយន្តអគ្គិសនី VF8 City Edition Eco ដែលជាប្រភេទថ្មីក្នុងប្រភេទរថយន្តមានតម្លៃទាប បានបញ្ជាក់ថាថាមជលថ្មរបស់រថយន្តអាចធ្វើដំណើរបានក្នុងចន្លោះប្រមាណជា ៣៣៣គីឡូម៉ែត្រ។ មកដល់ពេលនេះរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) មិនទាន់ផ្តល់ចំណាត់ថ្នាក់សុវត្ថិភាពទៅលើរថយន្តនេះនៅឡើយទេ។
គួរបញ្ជាក់ថា កន្លងមករថយន្តអគ្គិសនី VinFast បានដាក់គោលដៅក្នុងការប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំដូចជា Tesla ជាដើម ដែលកន្លងមកក្រុមហ៊ុនទាំងនោះបានចេញមកទម្លាក់តម្លៃរថយន្តលើទីផ្សាររបស់ខ្លួន រួមទាំងការបញ្ចេញរថយន្ត EV ជាច្រើនដែលមានតម្លៃធូរថ្លៃមកលើទីផ្សារ៕