កំពង់ស្ពឺ៖ កាលពីថ្មីៗនេះ បែកធ្លាយរូបភាពព្រះចៅអធិការវត្តភ្នំកំពូលពេជ្រដោះស្បង់ចីពរ ហើយបន្លំពាក់សំលៀកបំពាក់ជារាស្រ្តធម្មតា លួចដើរលេងយប់ត្រូវបានអ្នកលេងបណ្តាញសង្គមថតបាន និងបង្ហោះបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ លោក សុខ សុភ័ណ្ឌ បានប្រាប់ EAC news ថា ក្រោយមានការបែកធ្លាយនូវរឿងរ៉ាវនេះ ព្រះចៅអធិការវត្តភ្នំកំពូលពេជ្រ ដែលស្ថិតនៅភូមិគិរីវន្ត ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរតនកោសល ហេង សាវ៉ុន បានស្ម័គ្រចិត្តសុំលាចាកសិក្ខាបទដោយព្រះអង្គឯង។
លោកប្រាប់ថា៖ «ព្រះចៅអធិការវត្តបានស្ម័គ្រចិត្តសុំលាចាកសិក្ខាបទ (ផ្សឹក) ដោយអង្គឯងនៅថ្ងៃស្អែកនេះ (ទី៤ មីនា) ក្រោយពីព្រះអង្គដឹងពីកំហុសបែកធ្លាយរូបភាពព្រះអង្គនិមន្តចេញក្រៅដូចដែលប្រព័ន្ធផ្សព្វផ្សាយបង្ហោះកាលពីថ្មីៗនេះ»។
បើតាមប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ នៅថ្ងៃស្អែកនេះ នឹងមានរៀបចំវិធីលាចាកសិក្ខាបទព្រះរតនកោសល ហេង សាវ៉ុន ដោយមានសមាសភាពនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត។
លោកបានលើកឡើងថា ព្រះចៅអធិការវត្តភ្នំកំពូលពេជ្របានប្រព្រឹត្តខុសធម៌វិន័យសាសនា និងធ្វើឱ្យខូចកិតិ្តយសចៅអធិការ។ តែយ៉ាងណាលោកថា៖ «នេះក៏មិនធ្វើឱ្យពុទ្ធបរិស័ទបាត់បង់ជំនឿលើវត្តនេះដែរ ពីព្រោះពុទ្ធបរិស័ទយល់ថា នេះជាទង្វើរបស់បុគ្គលទេ»៕