ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញថាការពុំបញ្ចេញឈ្មោះប្រទេសណាមួយនៅពីក្រោយលោក កឹម សុខា គឺជាការដើម្បីធានាទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិកម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិជាមួយរដ្ឋបរទេសទាំងនោះ។ ក្រៅពីនេះឯកសារសំងាត់ដែលតុលាការរកបានទាក់ទងនឹងប្រទេសទាំងនោះពាក់ព័ន្ទនឹងសំណុំរឿងលោក កឹម សុខា ក៏ត្រូវទុកជាឯកសារសំងាត់ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះបីជាតុលាការបានកាត់ទោសលោក កឹម សុខា ឱ្យជាប់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវជាមួយនឹងបរទេសក្ដី តែឈ្មោះប្រទេស ឬភ្នាក់ងារបរទេសដែលពាក់ព័ន្ធនឹងលោក កឹម សុខា មិនត្រូវអនុញ្ញាតឱ្យបញ្ចេញនោះទេ។
ការមិនឱ្យបញ្ចេញនេះគឺតុលាការបានប្រើប្រាស់អក្សរតាងវិញ ហើយកំណត់ឯកសារអក្សរតាងទាំងនោះនឹងត្រូវដាក់ជាឯកសារសម្ងាត់ដែលមិនត្រូវធ្វើឱ្យធ្លាយចេញជាសាធារណៈឡើយ។
អយ្យការបញ្ជាក់ថា៖ «ដូច្នេះផ្អែកលើមូលដ្ឋាននេះ ជនណាឬភាគីណាដែលធ្វើឱ្យធ្លាយចេញឯកសារនេះជាសាធារណៈ គឺត្រូវមានទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
គួរឱ្យដឹងថាតុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវជាមួយនឹងបរទេស និងបានដកសិទ្ធិជាស្ថាពរនូវសិទ្ធិនយោបាយរបស់លោក។ ទោះជាយ៉ាងណាលោកត្រូវបានអនុញ្ញាតឱ្យធ្វើការឃុំខ្លួននៅក្នុងផ្ទះជំនួសការបញ្ជូនទៅពន្ធនាគារ តែមិនអនុញ្ញាតឱ្យលោក កឹម សុខា ជួបភ្ញៀវណាម្នាក់នោះទេក្រៅពីសមាជិកគ្រូសារ លើកលែងតាំងមានការអនុញ្ញាតពីរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ៕