ភ្នំពេញ៖ កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។
ផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា លោក ថោង ខុន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក Cherdkiat ATTHAKOR ចូលជួបនិងពិភាក្សាការងារនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភាគីទាំង២ បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំង២ ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍ អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។ ដោយឡែកទាក់ទងនឹងវិស័យកីឡាវិញ លោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរលើការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣នេះ និងបានគាំទ្រ និងជូនពរកម្ពុជាធ្វើយ៉ាងណាឱ្យការរៀបចំការប្រកួតកីឡានៅកម្ពុជានេះឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ។
គួរឱ្យដឹងដែរថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាម៉ាត់វីណៃ កាលពីទស្សនកិច្ចទៅកាន់ប្រទេសថៃ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហការបន្ថែមទៀត ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន រួមគ្នារៀបចំព្រឹត្តិការណ៍នានា សំដៅជំរុញ និងសម្របសម្រួលលំហូរទេសចររវាងប្រទេសទាំងពីរ៕