លោក ហ៊ុន ម៉ាណែត បន្តជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិនឹងប្រទេសតួកគី
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចំាព្រះរាជាណាចក្រកម្ពុជា លោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោកជំទាវទទួលបានការតែងតាំងកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
នៅក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែតលើកឡើងអំពីការគាំទ្រចំពោះទិសដៅរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។
ទន្ទឹមនោះដែរ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះមហន្តរាយធម្មជាតិរញ្ជួយដី ដែលបានកើតឡើងនៅក្នុងប្រទេសតួកគី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងរយៈកាលកន្លងមក។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត លោកស្រី អ៊ូឃូល កូចាអេហ្វេ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរតួកគី-កម្ពុជា រួមមានជាអាទិ៍៖ វិស័យការទូត ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងអប់រំ និងបានបង្ហាញនូវឆន្ទៈ ក្នុងការបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្មបន្ថែមទៀត។
បន្ថែមពីនេះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភជាថវិកាដល់ប្រជាជនតួកគីក្នុងគ្រោះរញ្ជួយដីកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕