កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជាខេត្តទី៩ អស់មីន ក្រោយអង្គភាពស៊ីម៉ាក់បានធ្វើការបោសសម្អាតមីនចុងក្រោយនៅក្នុងខេត្តមួយនេះ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៦៧គីឡូម៉ែត្រក្រឡា ស្មើនឹង ១០ចម្ការមីន។
ពិធីប្រកាសខេត្តកំពង់ឆ្នាំងអស់មីន ធ្វើឡើងនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ និងបានទទួលការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
លោក លី ធុជ បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបប្រមាណជាង ៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៥២គ្រាប់ មីនប្រឆាំងរថក្រោះ ៥០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៥ ៤២៨គ្រាប់ ដោយអង្គភាពស៊ីម៉ាក់។
លោកបានឱ្យដឹងទៀតថា សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តកំពង់ឆ្នាំង និងឈានដល់ប្រកាសជាខេត្តអស់មីន នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៦៧គីឡូម៉ែត្រក្រឡា ស្មើនឹង ១០ចម្ការមីន។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅខេត្តកំពង់ឆ្នាំង និងត្រូវបានប្រកាសអស់មីន ខេត្តកំពង់ឆ្នាំង នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦,៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥០ចម្ការគ្រាប់ទៀត។
អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ គូសបញ្ជាក់ថាកម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។
គួរឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២២ រយៈពេល ៣០ឆ្នាំ កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់៕