អង់គ្លេស៖ អ្នកប្រដាល់អង់គ្លេស Anthony Joshua នឹងត្រូវឡើងប្រកួតការពារខ្សែក្រវ៉ាត់អន្តរជាតិចំនួន ៣ របស់ខ្លួនរួមមាន ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក WBA, IBF និង WBO ទល់នឹងកីឡាករ Oleksandr Usyk នាកីឡដ្ឋានរបស់ក្លិបបាល់ទាត់ Tottenham Hotspurs ពោលគឺកីឡដ្ឋាន Tottenham Hotspurs នាទីក្រុងឡុងដ៍ នាថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ។
តាមពិតទៅ Anthony Joshua ត្រូវជួបប្រកួតទល់នឹងកីឡាករ Tyson Fury នាទឹកដីអារ៉ាប៊ីសាអូឌីត នាខែសីហាឯណោះទេ ប៉ុន្តែផ្ទុយមកវិញ ក្រោយពីគណៈកម្មការរៀបចំការប្រកួតបានកែប្រែកម្មវិធីដោយតម្រូវឱ្យកីឡាករ Tyson Fury ត្រូវឡើងវ៉ៃការពារខ្សែក្រវ៉ាត់ជើងឯក WBC របស់ខ្លួនទល់នឹងអ្នកប្រដាល់អាមេរិក Deontay Wilder ជំនួសវិញ។ ការប្រកួតរវាង Tyson Fury និង Deontay Wilder ដំបូងឡើយគ្រោងប្រកួតនាចុងសប្តាហ៍នេះ តែក្រោយមកក៏ត្រូវបានលើកពេលទៅថ្ងៃទី៩ ខែតុលាវិញ ក្រោយពី Fury បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
គួរបញ្ជាក់ថា កម្មវិធីប្រកួតរវាង Anthony Joshua ទល់នឹង Oleksandr Usyk នឹងក្លាយជាកម្មវិធីប្រដាល់ដំបូងគេបង្អស់ដែលធ្វើឡើងនៅកីឡដ្ឋាន Tottenham Hotspurs ក្រោយពីកីឡដ្ឋាននេះត្រូវបានរៀបចំ និងកែលម្អថ្មីអស់ទឹកប្រាក់ប្រមាណជា ១ពាន់លានផោន និងបើកដំណើរការឡើងវិញកាលពីថ្ងៃទី០៣ ខែមេសា កន្លងទៅ៕