ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន និងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) គ្នានាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា លោក ឆឹម ចំណាន បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការចុះ MOU ថា ការចុះ MOU គ្នារវាងក្រុមហ៊ុន និងសមាគមដឹកជញ្ជូននេះ គឺធ្វើឡើងដើម្បីជំរុញឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុ។
លោក ឆឹម ចំណាន បានគូសបញ្ជាក់ថា តាមរយៈការចុះ MOU គ្នានេះ ក្រុមហ៊ុនផ្លូវល្បឿនលឿន និងសមាគមដឹកជញ្ជូនបានឯកភាពគ្នាបញ្ចុះតម្លៃសម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញផ្សេងៗដែលប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុ។
អ្នកនាំពាក្យក្រុមហ៊ុនផ្លូវល្បឿនលឿន កញ្ញា តាំង ហ៊ុយហ្គិច បានបញ្ជាក់ថា ភាគីទាំងពីរនឹងបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរ និងដឹកទំនិញដែលធ្វើដំណើរចាប់ពី៣០ ទៅ ១០០ជើងក្នុងមួយថ្ងៃបញ្ចុះតម្លៃចំនួន ២៥ភាគរយ ហើយចាប់ពី ១០១ជើងឡើងទៅនឹងបញ្ចុះតម្លៃចំនួន ៣០ភាគរយក្នុងមួយថ្ងៃ។
ដើម្បីបានការអនុគ្រោះនេះ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនដឹកអ្នកដំណើរ និងដឹកទំនិញទាំងអស់ គឺតម្រូវឱ្យបំពេញនូវប្រព័ន្ធ ETC។ កញ្ញា តាំង ហ៊ុយហ្គិចបានថ្លែងថា៖ «ការបំពេញ ETC គឺឡានពី ២០គ្រឿងឡើងគឺយើងបំពេញជូនគាត់ Free ប៉ុន្តែតម្រូវឱ្យគាត់ក្នុងមួយឡាន គឺត្រូវបង់ Deposit នៅក្នុង Account ETC ក្នុងមួយឡានចំនួន ១០០ដុល្លារ គឺយើង Free ដុំ (ECT) ជូន»។
អ្នកនាំពាក្យសង្ឃឹមថា ក្រោយចុះ MOU នេះនឹងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗប្រើប្រាស់ផ្លូវល្បឿនលឿនកាន់តែច្រើនដើម្បីកាត់បន្ថយពេលវេលា និងគ្រោះថា្នក់ផ្សេងៗ។
បើតាមប្រធានសមាគមដឹកជញ្ជូន ការបញ្ចុះតម្លៃនេះនឹងដំណើរការសាកល្បងចំនួន ៨ខែ ពោលចាប់ពីការចុះ MOU នេះតទៅ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កន្លងមកបានណែនាំឱ្យម្ចាស់រថយន្តដឹកទំនិញផ្សេងៗធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាជាងផ្លូវធម្មតាផ្លូវជាតិលេខ៤ ពីព្រោះវាផ្តល់ភាពងាយស្រួលជាងទាំងចំណេញពេលវេលាផង និងចំណេញថវិកាលើថ្លៃប្រេងសាំងផង។
គូសបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃចំនួន ១ខែ គឺខែតុលា ឆ្នាំ២០២២ ហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនមួយនេះមានរថយន្តប្រើប្រាស់ផ្លូវល្បឿនលឿនចំនួនជិត២លានគ្រឿង ក្នុងនោះជាង ១,៤លានគ្រឿងដែលគិតកម្រៃសេវា ដោយរកចំណូលបានជិត ១១លានដុល្លារ៕