ព្រះសីហនុ៖ ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងសហការក្នុងកម្រិតខ្ពស់បំផុតដើម្បីធ្វើឱ្យកំពង់ផែស្វយ័តព្រះសីហនុមានមុខងារជាកំពង់ផែស្នូលមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុន្តែក៏ដូចជានៅក្នុងតំបន់មេគង្គទាំងមូល។
ថ្លែងក្នុងពេលចុះសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi បានលើកឡើងថាស្ថានីយស្តុបទំនិញកុងតឺន័រ CFS ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងយោងតាមការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩។
លោកបន្ថែមថា៖ «រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពបន្ថែមនៃតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនអន្តរជាតិផ្សេងៗ»។
បើតាមលោក UENO Atsushi ស្ថានីយស្តុបទំនិញកុងតឺន័រ CFS ក៏មានសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ក្រុមហ៊ុន AEON របស់ជប៉ុនផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកសង្ឃឹមថា ការបើកឱ្យប្រើប្រាស់ឃ្លាំងនេះ និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានស្វាគមន៍ការសម្ពោធឱ្យប្រើប្រាស់ឃ្លាំងទំនិញថ្មីនេះ និងបានអរគុណដល់រាជរដ្ឋាភិបាលជប៉ុនផងដែរដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បើតាមលោក គួច ចំរើន ជាមួយនឹងទទួលបានឃ្លាំងទំនិញថ្មីនៅពេលឆាប់ៗខាងមុខនេះ កំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ២គ្រឿងទៀតពីរដ្ឋាភិបាលជប៉ុនផងដែរ៕