បារាំង៖ អង្គភាពសវនកម្មជាតិបារាំងបានបញ្ជាក់កាលពីម្សិលមិញនេះថា រដ្ឋាភិបាលបារាំងបានចំណាយថវិកាប្រមាណជា ៦៣០លានអឺរ៉ូទៅលើការរ៉ាប់រងចំពោះជនភៀសខ្លួនមកពីអ៊ុយក្រែនប្រមាណជា ១១៥,០០០នាក់ ក្រោយការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។
អង្គភាពសវនកម្មរដ្ឋ the Cour des Comptes បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រជាជនអ៊ុយក្រែនដែលស្វែងរកទីជំរកបានរីករាយនឹងលក្ខខណ្ឌដ៏គួរឱ្យពេញចិត្តមួយ ក្រោមគម្រោង "ការការពារបណ្តោះអាសន្ន" ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២២។ គម្រោងនេះបានអនុញ្ញាតឱ្យពួកគេចូលប្រើសិទ្ធិដែលត្រូវបានបដិសេធចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនផ្សេងទៀត រួមទាំងសមត្ថភាពក្នុងការស្វែងរកការងារ សេវាសុខភាពសាធារណៈ ការផ្ដល់ការអប់រំសម្រាប់កុមារ និងការស្នាក់នៅក្នុងលក្ខខណ្ឌសង្គ្រោះបន្ទាន់។ ការចំណាយសម្រាប់គម្រោងនេះបានឈានដល់ ៦៣៤លានអឺរ៉ូ ដោយចំណាយលើការផ្តល់ជាការផ្គត់ផ្គង់លំនៅដ្ឋានប្រមាណជា ២៥០លានអឺរ៉ូ និងការទូទាត់ជាសាច់ប្រាក់ប្រមាណ ២២២០លានអឺរ៉ូ។
អង្គភាពសវនកម្មនេះក៏បានបន្ថែមថា ក្នុងមនុស្សម្នាក់ រដ្ឋាភិបាលទីក្រុងប៉ារីសបានចំណាយប្រាក់ច្រើនជាងប្រមាណពីរដងលើជនភៀសខ្លួនអ៊ុយក្រែន បើប្រៀបធៀបទៅនឹងជនភៀសខ្លួនសាមញ្ញផ្សេងទៀត។ ជាឧទាហរណ៍ លំនៅដ្ឋានសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនមានតម្លៃប្រហែល ៣៨អឺរ៉ូក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់ ដែលធៀបនឹងលំនៅដ្ឋានរបស់ជនភៀសខ្លួនផ្សេងទៀតមានការចំណាយតិចជាង ១៨អឺរ៉ូប៉ុណ្ណោះ។
ក្រសួងលំនៅដ្ឋានបានប្រាប់សារព័ត៌៌មានកាលពីសប្តាហ៍មុនថា នាពេលបច្ចុប្បន្ន ទីក្រុងប៉ារីសកំពុងចំណាយប្រាក់ជិត ៨០០,០០០អឺរ៉ូក្នុងមួយខែដើម្បីគាំទ្រដល់ ៩០០គ្រួសារដែលបានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីផ្តល់លំនៅដ្ឋាននេះ។ អ្នកសវនករបានព្រមានថា ប៉ុន្តែមិនមានការធានាថាការទូទាត់របស់រដ្ឋទាំងនេះនឹងបន្តទៅថ្ងៃអនាគតនោះទេ៕