ភ្នំពេញ៖ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។
ក្រសួងសាធារណការនិង ដឹកជញ្ជូន បានឱ្យដឹងថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត ១,៩លាន ខណៈប្រមាណជាង ១,៤លាន ដែលគិតកម្រៃសេវា ហើយចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ក្នុងគោលបំណង ពិនិត្យពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការកន្លងមក។
ទេសរដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។
ដោយឡែកចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។
ជាមួយគ្នានេះដែរ លោកក៏បានស្នើទាក់ទងនឹងសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។
គួរឱ្យដឹងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ មានតម្លៃជាង ២ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលតភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅនៃខេត្តព្រះសីហនុ៕