ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ៣មីនាឆ្នាំនេះនឹងប្រារព្ធឡើងក្រោមប្រធានបទដូចនឹងឆ្នាំមុនផងដែរ គឺ«យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេនចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។

តាមសារាចររបស់រាជរដ្ឋាភិបាល ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់ដែលតែងតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណុបការៈបុរសខ្មែរដែលបានពលី និងបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់អ្នកជំនាន់ក្រោយ។ ទិវានេះក៏ជាឱកាសដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ។

រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យវប្បធម៌ជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ និងពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម។

មុនទិវាវប្បធម៌ជាតិនេះមកដល់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្តីពីការរៀបចំទិវាវប្បធម៌ ៣មីនា លើកទី២៥ ឆ្នាំ២០២៣។ សម្តេចតេជោបានជំរុញឱ្យពលរដ្ឋ ពិសេសយុវជនឱ្យបន្តខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឈសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

សម្តេចតេជោជំរុញឱ្យយុវជនចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ ជាមួយគ្នានេះត្រូវលើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ដើម្បីឱ្យទិវាវប្បធម៌ជាតិនេះប្រារព្ធទៅដោយរលូន សម្តេចតេជោបានស្នើឲ្យអន្តរក្រសួងដែលពាក់ព័ន្ធ ស្ថាប័ន សាលារៀន រោងចក្រ សហគ្រាសរដ្ឋនិងឯកជន និងវត្តអារាម គឺត្រូវរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវវប្បធម៌ជាតិ តាមរយៈការរៀបចំបដា និងពាក្យស្លោកបិទនៅតាមទីតាំងផ្ទាល់ តាមទីតាំងសំខាន់ៗក្នុងរាជធានីខេត្តរបស់ខ្លួន និងនៅតាមបណ្តោញសង្គម។

លើសពីនេះសម្តេចស្នើឲ្យក្រសួងការបរទេស ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុលស៊ុលកិត្តិយសនៃកម្ពុជាប្រចាំនៅក្រៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឲ្យចូលរួមរៀបចំកម្មវិធីដើម្បីអបអរទិវាវប្បធម៌នេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក