គុនល្បុក្កតោកម្ពុជានឹងត្រូវបង្ហាញដើម្បីបើកឆាកស៊ីហ្គេម២០២៣ ដោយមានអ្នកចូលរួមសម្បែងជាង ១ពាន់នាក់
ភ្នំពេញ៖ កងអង្គរក្សចំនួន ១ ២០០នាក់ នឹងចូលរួមសម្តែងទម្រង់ល្បុក្កតោ អបអរសាទរពិធីបើកនិងបិទក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣។
អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារា ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោដើម្បីអបអរសាទរកម្មវិធីបើក-បិទក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ក្រុមសម្តែងទស្សនីយភាពគុនល្បុក្កតោនឹងធ្វើឱ្យមានភាពអស្ចារ្យនៅក្នុងពីធីបើក-បិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក អ៊ួ តារា បញ្ជាក់ថា សម្រាប់ទស្សនីយភាពការសម្តែងគុនល្បុក្កតោនឹងមានកម្លាំងចំនួន ១ ២០០នាក់ ដោយចំនួននេះ មានចំនួនតិចជាងចំនួនចូលរួមសម្តែងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីចុងឆ្នាំ២០២២ ប៉ុន្តែគុណភាព និងទម្រង់សម្តែងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះនឹងព្យាយាមធ្វើឱ្យល្អ និងអស្ចារ្យតាមគោលដៅដែលចង់បាន ហើយក្នុងកម្មវិធីបិទស៊ីហ្គេមក៏នឹងមានកម្លាំង ៦០០នាក់ សម្តែងទស្សនីយភាពមួយ «មហាព្រលឹងគុនល្បុក្កតោ។
លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ទម្រង់ទស្សនីយ៍ភាពមានពីរធំៗ គឺផែនទស្សនីយភាពរុងរឿងសម័យអង្គរ និងគុនល្បុក្កតោសម័យទំនើប ដែលបានធ្វើទំនើបកម្មគុនល្បុក្កតោទៅជាចង្វាក់ភ្លេងជាមួយនឹងបច្ចេកវិទ្យាភ្លើង LED ដែលនឹងឆ្លុះបញ្ចាំងពីទស្សនីយភាពថ្មីមួយ នៃភាពរុងរឿងរបស់កម្ពុជា។ ដូច្នេះហើយ យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យក្នុងពិធីបើកស៊ីហ្គេម»។
លោកអគ្គលេខាធិការរងរូបនេះគូសបញ្ជាក់ថា ទម្រង់ទស្សនីយ៍ភាពមានពីរធំៗ គឺផែនទស្សនីយភាពរុងរឿងសម័យអង្គរ និងគុនល្បុក្កតោសម័យទំនើប ដែលបានធ្វើទំនើបកម្មគុនល្បុក្កតោទៅជាចង្វាក់ភ្លេងជាមួយនឹងបច្ចេកវិទ្យាភ្លើង LED ដែលនឹងឆ្លុះបញ្ចាំងពីទស្សនីយភាពថ្មីមួយ នៃភាពរុងរឿងរបស់កម្ពុជា ដូច្នេះហើយ លោកសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យក្នុងពិធីបើកស៊ីហ្គេម។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែឧសភា និងពិធីបិទផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកឯកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕