៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាគ្មានឡើយអន្ទាក់បំណុលចិនសម្រាប់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា គ្មាននោះទេអន្ទាក់បំណុលចិនលើកម្ពុជា ខណៈលោកថាប្រទេសចិនក៏មិនព្យាយាមគ្រប់គ្រងប្រទេសដទៃដែលជំពាក់បំណុលខ្លួនដែរ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានក្នុងពេលចុះពិនិត្យផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «បំណុលចិនមិនមែនជាអន្ទាក់នោះទេ» តែវាជាការជួយដល់ការអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ច។ លោកបន្ថែមថាការប្រៀបធៀបកម្ពុជា និងស្រីលង្ការគឺជារឿងខុសឆ្គង ខណៈលោកថា អ្នកផ្ដល់ព័ត៌មានមួយចំនួនពីការគ្រប់គ្រងរបស់ចិនលើកំពង់ផែស្រីលង្ការធ្វើឱ្យពលរដ្ឋយល់ច្រឡំលើចិនកាន់តែខ្លាំង។

លោកថា៖ «អ្នកខ្លះចោទថាមិត្តចិនគេឱ្យខ្ចីលុយដើម្បីដាក់អន្ទាក់ឱ្យបំណុលឱ្យច្រើនទៅថ្ងៃក្រោយគេអូសយក។ អ្នកខ្លះថាដូចស្រីលង្ការអ៊ីចឹង! ថាស្រីលង្កាអត់មានលុយសងហើយចិនរឹបអូសកំពង់ផែហ្នឹង។ និយាយមិនត្រឹមត្រូវទៀត ព្រោះថាការគ្រប់គ្រងរបស់ស្រីលង្ការមិនសូវល្អភាគីចិនដែលឱ្យខ្ចីលុយនេះគេមកទទួលគ្រប់គ្រងដើម្បីធ្វើមិចគេចំណេញយកលុយគេទៅវិញគេមិនមែនអូសកំពង់ផែមកគ្រប់គ្រងកំពង់ផែប្រទេសមួយទេ! ប្រទេសឯករាជ្យមួយគេមិនឱ្យទៅជារបស់ចិនទេ តែអាចមកជួយគ្រប់គ្រងដើម្បីមានថវិកាមកសងគេវិញទេ!»

របាយការណ៍ស្ដីពីបំណុលសាធារណរបស់កម្ពុជាត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បានឱ្យដឹងថាកម្ពុជាជំពាក់បំណុលទ្វេរភាគីបរទេសជាង ៩ ៤៧៤លានដុល្លារអាមេរិក ក្នុងនោះប្រទេសចិនគ្រប់គ្រងបំណុលប្រមាណ ៤១%នៃបំណុលសរុប។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថាស្ថានភាពបំណុលរបស់កម្ពុជាមិនអាក្រក់នោះទេដោយសារបំណុលទាំងនេះមិនទាន់ដល់ ៤០%នៃផលិតផលសរុបរបស់ប្រទេសនោះទេ។

លោកថា៖ «កម្ពុជានៅក្រោម ៤០%ទេ ប្រហែលជានៅ៣០ ឬ ៣៤%ទេ»

លោកបានបញ្ជាក់ទៀតថា «រដ្ឋាភិបាលមិនមែនខ្ចីលុយគេដើម្បីមកទិញឡានជិះ ឬបង្ហាញភាពហ៊ឺហាររបស់ខ្លួនទេ» តែការខ្ចីគឺមានគោលបំណងតែមួយគល់គឺការអភិវឌ្ឍន៍ដែលជួយដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើឱ្យចំណូលពលរដ្ឋ និងរដ្ឋកើនឡើង ដែលលោកថាគឺជាការវិនិយោគរបស់ជាតិមួយ។

ជាមួយគ្នានេះលោកបានលើកឡើងថាកម្ពុជាកំពុងរៀបចំសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងកំពុងសិក្សលើផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ខណៈក៏មានក្រុមហ៊ុនបានស្នើសុំសិក្សាលើការសាងសង់ផ្លូវផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតផងដែរ។

លោកបានបញ្ជាក់ថាគម្រោងផ្លូវល្បឿនលឿនទាំងអស់គឺរដ្ឋាភិបាល «មិនខ្ចីលុយគេមកសាងសង់» ជាដាច់ខាត ហើយក៏មិនធ្វើជាអ្នកធានាដល់បំណុលក្រុមហ៊ុនទាំងនោះផងដែរ។

លោកថា៖ «យើងមិនធានាដាច់ខាត សូមក្រុមហ៊ុនទៅខ្ចីខ្លួនឯងទៅ ខ្ចីបានមកធ្វើ។ ឱ្យយើងខ្ញុំធានាថាពេលគាត់ខាត ឱ្យរដ្ឋាភិបាលចេញលុយសងគឺដាច់ខាតរដ្ឋាភិបាលយើងមិនយកកដាក់អន្ទាក់ទេ»

បើតាមលោកទេសរដ្ឋមន្ត្រី ដោយសារភាពដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការគិតគូរបានហ្មតចត់របស់នាយករដ្ឋមន្ត្រីពីបំណុល និងការអភិវឌ្ឍន៍ជាតិទើបកម្ពុជាអាចឈានដល់ភាពរីកចម្រើន និងមានស្ថេរភាពទាំងសង្គម និងសេដ្ឋកិច្ចដូចបច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក