ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទង សមត្ថកិច្ច គ.ជ.ប ក្នុងបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។
ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោត គ.ជ.ប សូមបំភ្លឺថា រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.ប គ្រាន់តែជាអ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
គ.ជ.ប បានបំភ្លឺជុំវិញការចោទប្រកាន់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ដោយថាតាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។
គ.ជ.ប បានគូសបញ្ជាក់ថា៖«ជាការពិត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅបាន គ.ជ.ប មិនអាចធ្វើកិច្ចការងារនេះតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រទេសផ្តល់ជំនួយ អ្នកត្រួតពិនិត្យការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមន្ត្រីបុគ្គលិកបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងជាពិសេសម្ចាស់ឆ្នោត»។
បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើន ក៏បានចេញសេចក្តីថ្លែងការណ៍ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងពិសេសបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា "ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ដោយស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ" និង "ការបោះឆ្នោតនៅកម្ពុជាបានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់"។
គ.ជ.ប បានបំភ្លឺទៀតថា ការលើកឡើងថា «ថ្នាក់ដឹកនាំ គ.ជ.ប ៧រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា» គឺមិនត្រឹមត្រូវទេ។ សមាសភាព គ.ជ.ប ទាំង៩រូប បច្ចុប្បន្នគឺឆ្លើយតបទាំងស្រុងទៅនឹងមាត្រា ១៥១ថ្មីពីរ នៃរដ្ឋធម្មនុញ្ញ និងតាមជំពូកទី២ ផ្នែកទី១ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គ.ជ.ប។
ពាក់ព័ន្ធនឹងករណី គ.ជ.ប ដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក សុន ឆ័យ គ.ជ.ប. ក៏បានលើកឡើងថាការផ្ដល់បទសម្ភាសន៍របស់លោក សុន ឆ័យ ជាមួយលោក តាំង សារ៉ាដា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ។
ជុំវិញលិខិតមួយច្បាប់ដែលប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា គ.ជ.ប បានអះអាងថាមិនមានអ្វីពាក់ព័ន្ធនិងឯករាជ្យភាពរបស់ គ.ជ.ប ទេ ប៉ុន្តែជាការចូលរួមរបស់លោក ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអបអរសាទរ សម្តេច ហ៊ុន សែន ដែលមានស្នាដៃ និងកិត្តិយសយ៉ាងធំធេងទទួលបានពានរង្វាន់ "សមិទ្ធិផលពេញមួយ ជីវិតរបស់ថ្នាក់ដឹកនាំថ្លើមភពលោក ប្រគល់ដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ានិងស៊ីហ្វិក (KSI) ដែលជាសច្ចភាពប្រវត្តិសាស្ត្រ និងដែលគ្មាននរណាអាចប្រកែកបាន។ ម្យ៉ាងទៀត មិនមានច្បាប់ណាបិទសិទ្ធិស្ថាប័ន ឯករាជ្យមិនឱ្យចូលរួមអបអរសាទរ និងជូនពរដល់ឥស្សរជនខ្មែរនោះទេ។
សម្រាប់ការបោះឆ្នោតនាពេលខាងមុខ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
គ.ជ.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោរពតាមរាល់ឯកសារគតិយុត្តជាធរមាន ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស ស្ងប់ស្ងាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព របៀបរៀបរយ និងគ្មានអំពើហិង្សា៕