ភ្នំពេញ៖ តំណាងសមាគមសារព័ត៌មានចំនួន១៤ នៅកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នា សម្រាប់ជាមូលដ្ឋាន ត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។
តាមសេចក្តីប្រកាសព័ត៌មាន សមាគមសារព័ត៌មានចំនួន១៤ បានឯកច្ឆ័ន្ទចងសម្ព័ន្ធភាពដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។
បេសកកម្មនៅថ្ងៃខាងមុខ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នឹងផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា គំនិតផ្តួចផ្តើមឱ្យមានសម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីជំនួបលើកទី៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
លោកថ្លែងថា៖ «នេះគឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មាន ចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាច រួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់»។
លោកមានជំនឿថា សមាគមសារព័ត៌មានចំនួន១៤ នៅកម្ពុជា នឹងរួមគ្នាធ្វើការងារបានច្រើនបន្ថែមទៀតសម្រាប់សង្គមជាតិ។
លោកបន្តថា ក្រោយចុះអនុស្សារណៈយោគយល់គ្នានេះ ថ្នាក់ដឹកនាំនៃ សម្ព័ន្ធសមាគម សារព័ត៌មានកម្ពុជា នឹងស្នើសុំជួបសម្ដែងការគួរសម និងសុំអនុសាសន៍ដឹកនាំបន្ថែមពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។
ជាមួយគ្នានេះលោក ហ៊ុយ វណ្ណៈ ក៏បានបើកចំហទទួលស្វាគមន៍សមាគមសារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។
សមាគមសារព័ត៌មានចំនួន១៤នោះរួមមាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្លឹបអ្នកកាសែតឯករាជ្យ សមាគមសារព័ត៌មានអេឡេត្រូនិក សមាគមសេរីភាពសារព័ត៌មានកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន សមាគមអ្នកកាសែតខ្មែរសន្តិភាព សមាគមិត្តភាពអ្នកសារព័ត៌មានអាស៊ាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា និងសមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា៕