ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម តែក៏មានហានិភ័យខ្ពស់ដែរ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ ទន្ទឹមនោះក៏មានហានិភ័យខ្ពស់ចំពោះសន្តិសុខសុវត្ថិភាពព័ត៌មានផងដែរ ដែលទាមទារនូវការឈ្វេយល់ពីវិធីនៃការប្រើប្រាស់ និងការការពារប្រព័ន្ធសុវត្ថិភាព។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើកទី៣ ដល់មន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា និន្នាការនៃការទទួលព័ត៌មានរបស់ពលរដ្ឋនាពេលបច្ចុប្បន្ននេះគឺ ខ្លី ខ្លឹម និងលឿន ទើបបណ្ដាញផ្សព្វផ្សាយសង្គមបែបទំនើប ដែលអាចផ្តល់ព័ត៌មានបានលឿន បានចូលខ្លួនយ៉ាងឆាប់រហ័ស មកជំនួសប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ។ ខណៈបណ្ដាញសង្គមបែបទំនើបទាំងនោះបានផ្តល់នូវព័ត៌មានមិនពិតច្រើនផងដែរ ទាមទារឲ្យអ្នកប្រើប្រាស់ត្រូវចេះថ្លឹងថ្លែងនិងស្វែងយល់ ថាតើព័ត៌មានណាមួយពិត ឬមិនពិត ដោយគិតលើ២ចំណុចគឺ ប្រភពព័ត៌មាន និងភាពត្រឹមត្រូវសមហេតុផលការពិតនៃព័ត៌មាននោះ។

លោកថា៖ «ដើម្បីរក្សាបាននូវសុវត្ថិភាពទិន្នន័យរបស់ក្រសួងស្ថាប័ន ចាំបាច់ត្រូវមានមជ្ឈមណ្ឌលទិន្នន័យជាតិរួមមួយដើម្បីរក្សាទុកទិន្នន័យរបស់ក្រសួងស្ថាប័ន និងសម្រាប់មន្ត្រីម្នាក់ៗក៏ត្រូវសិក្សារៀនសូត្រពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការការពារសុវត្ថិភាព ទប់ស្កាត់ការលួចទិន្នន័យផ្សេងពីគណនីរបស់មន្ត្រីម្នាក់ៗ ឬរបស់ស្ថាប័ន។ ការការពារបាននូវសុវត្ថិភាពទិន្នន័យ គឺចូលរួមការពារសន្តិសុខអ៊ីនធឺណិត និងសន្តិសុខព័ត៌មានដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ»

រដ្ឋលេខាធិការរូបនេះបានគូសបញ្ចាល់ថា នៅក្នុងដំណើរនៃកាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ពលរដ្ឋចាំបាច់ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួនឲ្យដើរទាន់សភាពការណ៍នៃសង្គមឌីជីថលនេះ។

គួរឱ្យដឹងដែរថា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប សំដៅលើបណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook, TikTok, Twitter, Instagram និងTelegram ជាដើម បានជំនួសតួនាទីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដែលមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែតជាដើម ដែលធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវព័ត៌មាន និងការកំសាន្ត ដល់ប្រជាពលរដ្ឋទូទាំងពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក