វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បុគ្គលិក VOD ២៥នាក់បានដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ ខណៈឱសានវាទនឹងផុតកំណត់នៅម៉ោង៥ល្ងាចនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សោភ័ណ បានឱ្យដឹងថាគិតត្រឹមថ្ងៃច័ន្ទម្សិលមិញមានបុគ្គលិក VOD ចំនួន២៥នាក់ហើយដែលបានដាក់ពាក្យស្នើសុំបម្រើការងាររដ្ឋមកកាន់ក្រសួងមុខងារសាធារណៈ ខណៈឱសានវាទនឹងផុតកំណត់នៅម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក មាស សោភ័ណ បានប្រាប់ EAC News ថាផុតការកំណត់នៅល្ងាចនេះថ្ងៃទី២៨ ខែកុម្ភៈ នៃក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន នឹងរៀបចំពិនិត្យលើពាក្យស្នើសុំទាំងនោះនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចជាចុងក្រោយ។

លោកបញ្ជាក់ថា ផុតម៉ោង ៥ល្ងាចនេះអ្នកដែលបានដាក់ពាក្យស្នើសុំនឹងត្រូវចាត់ទុកថាបោះបង់ការស្នើសុំ។

ទោះជាយ៉ាងណាលោក មាស សោភ័ណ មិនទាន់អាចបញ្ជាក់ថាមានបុគ្គលិកដែលជាអ្នកយកព័ត៌មានឱ្យ VOD ដាក់ពាក្យស្នើសុំធ្វើជាបុគ្គលិករដ្ឋប៉ុន្មាននាក់នៅឡើយទេ ដោយរង់ចាំការពិនិត្យជាចុងក្រោយជាមុនសិន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា សម្ដេចនឹងទទួលស្វាគមន៍ទាំងអស់នូវអ្នកណាដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាលនឹងបានអំពាវកុំឱ្យមានការលាបព័ណ៌ដល់អ្នកដែលចូលរួមជាមួយរដ្ឋាភិបាលថាជាអ្នកលក់ក្បាល ឬជេរប្រទេចគ្នាឱ្យសោះ ព្រោះថាក្នុងប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជ្រើសរើសរបស់ខ្លួន។

សូមបញ្ជាក់ថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ទាប់ពីបានផ្សាយព័ត៌មានខុសដែលថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសតួកគី។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឱ្យបុគ្គលិកអតីតសារព័ត៌មាន VOD ដែលបានបាត់បង់ការងារធ្វើដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ។ សម្ដេចបានបញ្ជាក់ថាការផ្ដល់ការងារដល់បុគ្គលិកអតីតសារព័ត៌មានអនឡាញ VOD គឺដោយយោគយល់ដល់បុគ្គលិកដែលត្រូវរងគ្រោះដោយសារថ្នាក់ដឹកស្ថាប័ននេះ។ សម្ដេចថា អ្នកដែលមិនចង់ចូលធ្វើការរដ្ឋក៏សម្ដេចមិនមានបញ្ហាអ្វីដែរនិងបានអរគុណថែមទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក