ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ប្រធានរដ្ឋបាលព្រៃឈើកោះហៅម្ចាស់សត្វក្ងោកចូលខ្លួនមកបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃ

កំពង់ឆ្នាំង៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស បានចេញលិខិតអញ្ជើញម្ចាស់សត្វក្ងោក លោក យឹម សំអឿន ឱ្យចូលខ្លួនមកបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃពីបទយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ ពូជសត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងនាថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩ៈ៣០នាទីព្រឹក។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអភិរក្សសត្វបានមកដកហូតសត្វក្ងោកចំនួន ៦ក្បាលដែលចិញ្ចឹមដោយ លោក យឹម សំអឿន នៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បញ្ជូនទៅរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលថាលោក យឹម សំអឿន បានចិញ្ចឹមដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

គ្រួសារម្ចាស់សត្វក្ងោកបានបង្ហោះនៅក្នុងគណនីឈ្មោះ Yuth Thearnear ដោយសម្តែងការមិនពេញចិត្តចំពោះចំណាត់ការរបស់មន្ត្រីអភិរក្សដែលចាប់យកសត្វដែលខ្លួនចិញ្ចឹមអស់រយៈពេល ១០ឆ្នាំមកហើយ។ ជាមួយគ្នានេះពួកគេក៏បានស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា។ ក្រោយមកនៅថ្ងៃទី២៥ ខែកុម្ភៈ តំណាងក្រុមគ្រួសារ គឺអ្នកស្រី យឹម ចាន់រ៉ុង ដែលត្រូវជាបងស្រី លោក យឹម សំអឿន បានសរសេរលិខិតសុំទោសជុំវិញការបង្ហោះរបស់ខ្លួន ហើយបានទទួលស្គាល់នូវកំហុសដែលមិនបានគិតដល់ច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។

ក្នុងលិខិតសុំទោសនោះ អ្នកស្រី យឹម ចាន់រ៉ុង បានរៀបរាប់ដូច្នេះថា៖ «នាងខ្ញុំសូមអភ័យទោសដល់ក្រុមសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះទង្វើរបស់ខ្ញុំដែលបានបកស្រាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការចិញ្ចឹមសត្វក្ងោក ដោយមិនឈរលើមូលដ្ឋានច្បាប់ និងបាននិយាយប៉ះពាល់ដល់មន្ត្រីអនុវត្តច្បាប់កន្លងមក។ នាងខ្ញូំសូមសន្យាថាលុបចោលទាំងអស់នូវរូបភាព និងអត្ថបទទាំងអស់ក្នុងគណនីហ្វេសប៊ុកឈ្មោះ Yuth Thearnear (ចាន់ ណារ៉ុង)»។

ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស បានចេញវីដេអូបំភ្លឺជុំវិញករណីនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយលោកអះអាងថា មុននឹងមន្ត្រីអភិរក្សសត្វបានចុះទៅបង្រ្កាប និងរឹបអូសសត្វក្ងោកពីគ្រួសារលោក យឹម សំអឿន គឺមន្ត្រីរដ្ឋបាលព្រៃឈើបានស៊ើបអង្កេតជាយូរមកហើយ ហើយមន្ត្រីជំនាញក៏បានរកឃើញភស្តុតាងថាលោក យឹម សំអឿន ពិតជាពាក់ព័ន្ធនឹងបទល្មើសការជួញដូរសត្វព្រៃ និងធ្វើពាណិជ្ជកម្មសត្វក្ងោកខ្មែរ និងសត្វក្ងោកប្រភេទឥណ្ឌា។

លោកបានថ្លែងថា៖ «ការធ្វើពាណិជ្ជសត្វមានដ៏កម្រនេះ គឺត្រូវបានហាមឃាត់ និងមានទោសទណ្ឌនៅក្នុងច្បាប់ស្តីពីព្រៃឈើ ដែលអាចមានទោសទណ្ឌ ជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។ មួយទៀតការនាំចូលសត្វនេះ វាក៏នាំឱ្យមានការនាំជំងឺផ្សេងៗ ដូច្នេះការនាំចូលដោយមានការអនុញ្ញាតគឺជាភាពត្រឹមត្រូវ ដើម្បីធានាអំពីស្របច្បាប់ និងការទប់ស្កាត់នូវជំងឺផ្សេងៗផងដែរ»។

តាមរយៈវីដេអូ ៤នាទី លោកបានលើកឡើងថា ការចិញ្ចឹមសត្វដ៏កម្រគឺជាអំពើខុសច្បាប់ ដែលជះឥទ្ធិពលអវិជ្ជមានមកលើកម្ពុជា ខណៈកម្ពុជាកំពុងតែអនុវត្តច្បាប់ប្រឆាំងការជួញដូរសំអាតប្រាក់ និងការអនុវត្តអនុសញ្ញា សាយតេស (CITES)។

លោកថា៖ «ប្រសិនជាយើងមិនអនុវត្តទេគឺថា កម្ពុជាយើងនឹងប្រឈមការព្យួរប្រទេសក្នុងការធ្វើពាណិជ្ជកម្មរុក្ខជាតិ និងសត្វព្រៃ។ មួយទៀតយើងប្រឈមនឹងប្រទេសកម្ពុជាក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ»។

តែយ៉ាងណាមិញ លោកបន្ថែមថា ការចិញ្ចឹមសត្វ គឺអនុញ្ញាតឱ្យចិញ្ចឹមសម្រាប់តែជាសត្វដែលមានប្រភពច្បាស់លាស់ និងជាប្រភេទសត្វមានដោយបង្គួរ ខណៈកន្លងមករដ្ឋបាលព្រៃឈើបានអនុញ្ញាតឱ្យចិញ្ចឹមសត្វជ្រូកព្រៃ សត្វត្រចៀកកាំ និងឈ្លូសជាដើម។

យោងតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់មាត្រា៤៨ បានចែងថា សត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាគឺជាសម្បត្តិរបស់រដ្ឋ និងជាសមាភាពនៃធនធានព្រៃឈើដែលរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វាផងដែរ។

សត្វព្រៃទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រង និងអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វដែលបង្កកំណើតក្នុងទឹកឡើយ។ តាមមាត្រាច្បាប់នេះដដែល សំណាកសត្វព្រៃគឺជាសត្វព្រៃដែលស្លាប់ ទោះជានៅខ្លួនទាំងមូល សរីរាង្គក្នុង សរីរាង្គក្រៅ បំណែកឆ្អឹង ឬផលិតផលកែច្នៃ ត្រូវស្ថិតក្រោមសិទ្ធិគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។ គ្រប់ប្រភេទសត្វត្រូវបានបែងចែកសត្វព្រៃជា៣ប្រភេទ រួមមានក្រុមប្រភេទជិតផុតពូជ ក្រុមប្រភេទមានដោយកម្រ និងក្រុមប្រភេទមានដោយបង្គួរ។

យោងតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់មាត្រា៩៣ បានបញ្ជាក់ថា ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី២ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នំា និងត្រូវផ្តន្ទាទោសពិន័យជាទឹកប្រាក់ពី ១០លានរៀល ទៅ ១០០លានរៀល ហើយវត្ថុតាងទាំងអស់នឹងត្រូវរឹបអូសមកជាសម្បតិ្តរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក