នាយករដ្ឋមន្ត្រីដាក់ចេញការងារអទិភាពចំនួន៥ ដើម្បីថែរក្សាបានទាំងបរិស្ថាន និងការរៀបចំកីឡាស៊ីហ្គេម
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវការងារអទិភាពចំនួន៥ ដើម្បីធ្វើយ៉ាងណារក្សាបរិស្ថានទីក្រុង បដិសណ្ឋារកិច្ចល្អ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវដែលមកកម្ពុជាក្នុងកីឡាស៊ីហ្គេមខាងមុខ។
ក្នុងសារលិខិតចុះថ្ងៃទី២៧ ខែកុម្ភៈ ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជពលរដ្ឋត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារចំនួន៥ គឺការបន្តរក្សាបាននូវសន្ដិភាព សន្ដិសុខ ស្ថិរភាព និងវិបុលភាព ការបន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣។ ជាមួយគ្នានេះសម្ដេចតេជោ បានជំរុញឱ្យពង្រឹងនូវភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុងតាមរយៈកិច្ចសហការជាតិ និងអន្តរជាតិ និងបំផុសឱ្យមានការចូលរួមថែរក្សាបរិស្ថានពីសំណាក់ប្រជាពលរដ្ឋផងដែរ។
សម្ដេចតេជោបានលើកឡើងថា៖ «ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួមគាំត្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាតប្រព្រឹត្តិទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍»។
ឆ្នាំ២០២៣ ជាឆ្នាំទី១១ ដែលកម្ពុជាប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។
បើតាមសម្ដេចតេជោ ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជា ដោយសម្ដេចបានជំរុញឱ្យមានការរៀបចំអភិវឌ្ឍន៍ទីក្រុងបន្ថែមលើការរៀបចំផ្តល់នូវបដិសណ្ឋារកិច្ចល្អ ការស្វាគមន៍រួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្ហាញនូវ «ចរិតលក្ខណៈនៃជនជាតិខ្មែរនិងភាពជាម្ចាស់ផ្ទះដ៏ល្អ»។ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ៕