ភ្នំពេញ៖ កីឡាករប្រដាល់កម្ពុជា ព្រំ សំណាង ប្រើពេលតែ ២នាទីក្នុងទឹកទី១ ប៉ុណ្ណោះក្នុងការផ្ដួលកីឡាករប្រទេសរុស្ស៊ី លើសង្វៀន ThaiFight កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះជាលើកទី២ ហើយដែលលោកសាងកេរ្តិ៍ឈ្មោះលើសង្វៀនដ៏ធំនេះ។
ទង់ជាតិខ្មែរបានលើកឡើងក្នុងសង្វៀនរបស់ប្រទេសថៃដោយលោក ព្រំ សំណាង ពេលដែលលោកបានទទួលជ័យជម្នះលើកីឡាករ Firdavszhon Naiimov ធ្វើឱ្យអ្នកគាំទ្រគុនខ្មែរបានបង្ហាញក្ដីរីករាយជាខ្លាំងចំពោះលទ្ធផលនេះ។
ជាមួយគ្នានេះអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរសារអបអរសាទរតាមរយៈហ្វេសប៊ុក «Hun Manet - C.O.Army Office» ចំពោះកីឡាករ ព្រំ សំណាង ដែលទទួលជ័យជម្នះជាលើកទី២ ក្នុងកម្មវិធីប្រកួតនេះផងដែរ។ ដោយបានសរសេរដូច្នេះថា៖ «អបអរសាទរកីឡាករ ព្រំ សំណាង ដែលបានផ្តួលជើងខ្លាំងរុស្ស៊ី កីឡាករ Firdavszhon Naiimov ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣»។
ត្រឹម១ខែកុម្ភៈនេះ កីឡាករ ព្រំ សំណាង បានចូលប្រកួតនៅ Thai Fight ប្រទេសថៃ ចំនួន ២លើក ដោយលើកទី១ នៅទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្នះដោយផ្លួលកីឡាករជនជាតិអង់គ្លេស Thomas Carpenter ក្នុងទឹកទី១ ហើយលើកទី២នេះ ក៏ទទួលបានជ័យជម្នះទៀត ដោយផ្តួលឈ្នះកីឡាករ ជនជាតិរុស្ស៊ី Firdavszhon Naiimov ក្នុងទឹកទី១ ដូចគ្នា។
គូសបញ្ជាក់ថា កម្ពុជាមានកីឡាករចំនួន ៤រូបដែលបានយកឈ្នះដៃគូប្រកួតនៅក្នុងសង្វៀន Thai Fight ក្នុងនោះមានអតីតកីឡាករ សេន ប៊ុនថេន ធ្លាប់ប្រកួតឈ្នះនៅក្នុងឆ្នាំ២០១៤ កីឡាករ កែវ រំចង់ ប្រកួតឈ្នះនៅក្នុងឆ្នាំ២០១៦ កីឡាករ ធឿន ធារ៉ា ប្រកួតឈ្នះនៅក្នុងឆ្នាំ២០២២ ហើយកីឡាករ ព្រំ សំណាង ប្រកួតឈ្នះចំនួន ២លើកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣៕