អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនកងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗស្រុកត្រាំកក់ ស្រុកបាទី និងស្រុកព្រៃកប្បាស
តាកែវ ៖ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅព្រំប្រទល់ខេត្ត ភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ភូមិសាស្រ្តស្រុកបាទី ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និងភូមិស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាលក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។
លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ស្ដីពីបន្តអនុវត្តវិធាន ការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង ប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធ ភាពខ្ពស់។
លោកអភិបាល បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅ គោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។
លោកអភិបាលខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់ រាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និងសង្គមជាតិ។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា ក៏បានសំណូមពរដល់ បណ្ដាកងកម្លាំងដែលប្រចាំការគ្រប់គោលដៅទាំងអស់ត្រូវប្រកាន់ខ្ជប់នូវវិន័យ សុជីវធម៌ សីលធ៌មថ្លៃថ្នូររបស់កងកម្លាំង យ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តការងារ ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ យើងបាន។ មួយវិញទៀតត្រូវចូលរួមអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងពេលប្រតិបត្តិការ។
ដើម្បីធ្វើការលើកទឹកចិត្តកងកម្លាំងសមត្ថកិច្ចឈរជើង តាមគោលដៅនៅភូមិសាស្រ្ត ស្រុកត្រាំកក់ ភូមិសាស្រ្តស្រុកបាទី និងភូមិសាស្រ្តស្រុកព្រៃកប្បាស លោក អ៊ូច ភា អភិបាលខេត្ត ក៏បានឧបត្ថម្ភដោយក្នុងមួយគោលដៅៗទទួលបាន៖ ទឹកបរិសុទ្ធ ៣០កេះ ទឹកក្រូច ២០កេះ មី ២០កេះ ម៉ាស ១កេះធំ និងថវិកា២លានរៀល៕