ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារហូតមកដល់ពេលនេះគ្មានអ្នកណាដែលអាចប្រកួតប្រជែង ឬផ្ដួលសម្ដេចបាននៅឡើយទេ ហើយអាចថាអ្នកដែលមានសមត្ថភាពបង្ក្រាបសម្ដេចមិនទាន់ទាំងកើតផង។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់មនុស្សដែលមានអំណួតម្នាក់ថាបើជននោះចង់លេងសម្ដេចអាចលេងកំដរបាន។
ការលើកឡើងរបស់សម្ដេចតេជោនៅពេលនេះមិនបានបញ្ចេញឈ្មោះនរណាម្នាក់ទេតែសម្ដេចហាក់បីដូចជាសំដៅរបស់អ្នកធ្វើអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមម្នាក់ឈ្មោះ ស៊ន ដារ៉ា ដែលបានតាំងខ្លួនជាអ្នកមានបុណ្យដែលព្រះបង្កើតមកឱ្យបង្ក្រាបសម្ដេចតេជោ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចដោយបានចោទសួរ ស៊ន ដារ៉ា ថាចេះខ្មាស់ខ្លួនឯងទេដែលបានតាំងខ្លួនទៅជាមនុស្សមានបុណ្យ ឬក៏ជាឥន្ទ្រីនោះ?
សម្ដេចតេជោលើកឡើងដោយហួសចិត្តចំពោះ ស៊ន ដារ៉ា ដែលចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន ខណៈមនុស្សនេះសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៍មិនបានផង។
សម្ដេចតេជោបានលើកឡើងថា៖ «ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»៕