ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើបថាក្នុងជំនួបរវាងសម្ដេច និងប្រធានាធិបតីអាល្លឺម៉ងជាមួយធុរៈកិច្ចអាល្លឺម៉ងកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ។ ក្រុមអ្នកវិនិយោគអាល្លឺម៉ងបានបង្ហើបពីបំណងចង់បើករោងចក្រផលិតរថយន្តរបស់ខ្លួនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះបំណងនេះ ព្រោះវាស្ថិតក្នុងគោលនយោបាយទាក់ទាញនូវឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់កម្ពុជា។ ហើយដើម្បីជំរុញដល់គោលនយោបាយនេះរឿងចាំបាច់បំផុតគឺអ្នកបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគ។
សម្ដេចថា៖ «ខ្ញុំចង់និយាយថាក្របខណ្ឌគោលនយោបាយស្ដីពីវិស័យឧស្សាហកម្មវាទាមទារឱ្យមានអ្នកបច្ចេកទេស»។
នៅមិនទាន់ដឹងថាក្រុមហ៊ុនណាដែលបានលើកឡើងរឿងនេះចំពោះសម្ដេចនោះទេខណៈអាល្លឺម៉ង់ជាប្រទេសផលិតរថយន្តទំនើបម៉ាក់ល្បីៗជាច្រើនក្នុងលោក។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតរថយន្តម៉ាក់ល្បីចំនួន២ហើយដែលបើកផលិតកម្មរោងចក្រនៅកម្ពុជារួមមាន Hyundai របស់កូរ៉េខាងត្បូង និង Ford របស់អាមេរិក ខណៈក្រុមហ៊ុន Toyota របស់ជប៉ុនបានបង្ហាញជំហរហើយក្នុងការបើករោងចក្រនៅកម្ពុជា។