ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប់រួមនាពេលខាងមុខ និងបានជំរុញឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេសជូនពលរដ្ឋឱ្យកាន់តែច្រើន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងពេលដែលសម្ដេចតេជោជួបពិភាក្សាជាមួយធុរកិច្ចពីបរទេសសម្ដេចតែងតែលើកពីសក្ដានុពលរបស់កម្ពុជា ដោយថាថ្វីត្បិតតែកម្ពុជាជាប្រទេសតួចតែជាប្រទេសដែលមានទីផ្សារធំ។ ទីផ្សារធំដែលសម្ដេចតេជោលើកឡើងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមានជាមួយបរទេសមួយចំនួន ដែលរួមមានកូរ៉េ ចិន និងពេលខាងមុខគឺអារ៉ាប់រួម។
សម្ដេចតេជោបានលើកឡើងថា ស្របពេលដែលកម្ពុជាកំពុងមានទីផ្សារនេះ ការបណ្ដុះបណ្ដាលបច្ចេកទេសកាន់តែត្រូវការ ដូច្នេះហើយទើបរដ្ឋទម្លាក់អាហារូបករណ៍សិក្សាបច្ចេកទេសដល់សិស្សក្រីក្រ ១,៥លាននាក់ក្នុងឆ្នាំ២០២៣នេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីខែតុលា ឆ្នាំ២០២២។ ជាមួយគ្នានេះ ក៏បានពិភាក្សាលើតម្រូវការទីផ្សាររបស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងការបំពេញលក្ខខណ្ឌតម្រូវមួយចំនួនសម្រាប់ផលិតផលនាំចេញ ដែលក្នុងនោះរួមមាន វិធានដើមកំណើតទំនិញ វិធានអនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម និងការបញ្ជាក់វិញ្ញាបនប័ត្រហាឡាល់ជាដើម៕