ភ្នំពេញ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា លោក ហ៊ុន ម៉ានី បានថ្លែងថាប្រទេសកម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើនតែកម្ពុជាមានតែក្រោមការដែលដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមួយគត់ដែលបានដោះស្រាយបញ្ហាប្រឈម និងដឹកនាំរដ្ឋមានប្រសិទ្ធភាព។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ នេះថា គណបក្សប្រជាជនមិនល្អឥតខ្ចោះទេ តែគណបក្សនេះមានចំណុចពិសេសមួយគឺការគិតគូរពិចារណាជូនប្រជាជននិងប្រទេសជាតិជាចង្កោមរួម។
លោកសរសេរថា៖ «កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន តែកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែមានវិធីសាស្ត្រគត់មត់ ហ្មត់ចត់ ត្រឹមត្រូវជាពិសេសការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយវិបត្តិទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាពជាទីបំផុត»។
ជាមួយគ្នានេះលោកក៏បានលើកឡើងដែរថានយោបាយ គឺពិបាកដោយទាមទារឱ្យមានការគិតគូរពិចារណាយល់ឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយព្រោះថានយោបាយតម្រូវឲ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។
លោកបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស៕