ចិន៖ បុរសវ័យ ៥០ឆ្នាំសញ្ជាតិស៊ែប៊ី លោក Aleksandar Jankovic ទើបតែត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ ដែលការប្រកាសតែងតាំងបានធ្វើឡើងនៅចុងសប្តាហ៍នេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បានឱ្យដឹងថា៖ "ជាផែនការមួយនៃការរៀបចំខ្លួនឆ្ពោះទៅកាន់ការប្រកួតជើងឯកអាស៊ី AFC Asian Cup ២០២៣ ក៏ដូចជាព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដោយផ្អែកលើការពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ សហព័ន្ធកីឡាបាល់ទាត់ចិនបានសម្រេចជ្រើសរើស និងតែងតាំងលោក Aleksandar Jankovic ជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់បុរសជម្រើសជាតិចិន"។
គួរបញ្ជាក់ថា លោក Jankovic ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមកីឡាបាល់ទាត់អាយុក្រោម ១៩ឆ្នាំរបស់ចិន កាលពីខែកញ្ញា ឆ្នាំ២០១៨ មុននឹងត្រូវបានតែងតាំងឱ្យដឹកនាំក្រុមអាយុក្រោម ២១ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់ពីលោកបានសម្រេចបន្តកិច្ចសន្យាថ្មី ដែលភារកិច្ចបន្តរបស់លោកគឺការដឹកនាំយុវជនអាយុក្រោម ២១ឆ្នាំរបស់ចិន ចូលរួមក្នុងព្រឹត្តិការណ៍ Asian Game ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៣នេះ ក្រោយពន្យារពេលមួយឆ្នាំដោយសារបញ្ហាកូវីដ-១៩។
គួរបញ្ជាក់ថា លោក Jankovic ក៏ធ្លាប់ដឹកនាំក្រុមយុវជន U-២១ របស់ជម្រើសជាតិស៊ែបផងដែរ ព្រមទាំងធ្លាប់ដឹកនាំក្លិបលំដាប់មួយចំនួននៅអឺរ៉ុបដូចជា Red Star Belgrade និងក្លិបប៊ែលហ្សិក Standard Liege រួមនឹងក្លិបមួយចំនួនទៀត។ ភារកិច្ចដំបូងរបស់លោកជាមួយក្រុមជម្រើសជាតិចិនគឺការដឹកនាំក្រុមក្នុងការប្រកួតមិត្តភាពដែលនឹងជួបជាមួយក្រុមជម្រើសជាតិណូវែលហ្សេឡង់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុង Auckland៕