
នាយករដ្ឋមន្ត្រីផ្ដល់អាហារូបករណ៍ជាង ១០០កន្លែងដល់និស្សិតឱ្យសិក្សានៅសាកលវិទ្យាល័យអន្តរជាតិចំនួន២
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អាហារូបករណ៍ចំនួន ១១០កន្លែងដល់និស្សិតឱ្យបានសិក្សានៅសាកលវិទ្យាល័យលីមកុកវីង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។
ក្នុងសេចក្ដីជូនដំណឹងចំនួន២ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឱ្យដឹងថាអាហារូបករណ៍ចំនួន ១០០កន្លែងនឹងត្រូវផ្ដល់ជូនសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) រយៈពេល ៤ឆ្នាំ ជាសិស្សដែលទទួលបាននិទ្ទេស A B និង C ក្នុងឆ្នាំសិក្សាទី១២ ក្នុងឆ្នាំ២០២១-២០២២។
ចំណែកអាហារូបករណ៍ដែលត្រូវផ្ដល់ជូននៅសាកលវិទ្យាល័យលីមកុកវីង គឺបែងចែកជាថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន ៥កន្លែង ជានិស្សិតដែលប្រឡងជាប់បាក់ឌុបឆ្នាំសិក្សា ២០២១-២០២២ (សម្រាប់សិស្សថ្នាក់បរិញ្ញាបត្រ)។
ការផ្ដល់អាហារូបករណ៍នេះនឹងធ្វើឡើងតាមរយៈការប្រឡងដែលបេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងបាននៅការិយាល័យផ្ដល់អាហារូបករណ៍ ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រុមការងារបានតាមរយៈពេល ០៦១ ២៨១ ៣៣៣។