ភ្នំពេញ៖ ស្ពានអាកាសឫស្សីកែវបានសាងសង់រួចរាល់១០០ភាគរយ ហើយនឹងត្រៀមបើកឱ្យអ្នកដំណើរឆ្លងកាត់ជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសឫស្សីកែវនេះត្រូវបានសាងសង់រួចរាល់១០០ភាគរយ ប៉ុន្តែនៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជា បណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ»។
គូសបញ្ជាក់ថា ស្ពានអាកាសឫស្សីកែវ ដែលមានទីតាំងនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ស្ពានអាកាសថ្មីមួយនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រដែលសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
ស្ពានអាកាសឫស្សីកែវនេះគឺជាស្ពានអាកាសទី៧ បន្ទាប់ពីស្ពានអាកាសចោមចៅ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាស៥មករា សា្ពនអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា និងអាកាសក្បាលថ្នល់។ ខណៈបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែសាងសង់ស្ពានអាកាសចំនួន ២បន្ថែមទៀត គឺស្ពានអាកាសព្រះមុនីវង្ស ស្ថិតនៅផ្លូវលេខ២៧១ និងស្ពានអាកាស គង់ សំអុល ស្ថិតនៅផ្លូវលេខ២០០៤៕