នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាជនកុំភ្លេចហាត់ប្រាណដើម្បីការពារជំងឺកូវីដ-១៩ ។ នៅក្នុងការបង្ហោះពីទំព័រហ្វេសប៊ុករបស់សម្តេចតេជោនៅល្ងាចថ្ងៃអង្គារនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានគេមើលឃើញថាកំពុងធ្វើលំហាត់ប្រាណ តាមរយៈការបង្ហោះរូបថតរបស់សម្តេច។ សម្តេចបានសង្កត់ធ្ងន់អំពីការហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បានរាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរនិងអ្នកកំពុងធ្វើចត្តាឡីស័ក។ សម្តេចតេជោបានមានប្រសាសន៍ថា “របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដើម្បីរក្សាសុខភាព”
សម្តេចតេជោបានបន្តទៀតថា “តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទីទៅតាមទម្ងន់មុនពេលហាត់”។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សម្តេចរក្សាទម្ងន់បានក្នុងចន្លោះពី ៧៦ ទៅ ៧៨ ក្នុងរយៈពេល ៥ខែមុនទំងន់របស់សម្តេចគឺ ៨៧គីឡូក្រាម៕