ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជា-ថៃនឹងជំរុញសហការគ្នាលើវិស័យទេសចរណ៍

បាងកក៖ ប្រទេសកម្ពុជានិងថៃប្តេជ្ញាជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរបន្ថែមទៀតស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»

ការប្ដេជ្ញានេះគឺធ្វើឡើងក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហការបន្ថែមទៀត ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន រួមគ្នារៀបចំព្រឹត្តិការណ៍នានា សំដៅជំរុញ និងសម្របសម្រួលលំហូរទេសចររវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យឡើងវិញនិងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។

ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។

ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។

ជាមួយគ្នានឹងការសម្ពោធស្ពានមិត្តភាពនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យភាគីថៃពង្រីកទីផ្សារថៃ និងលុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីអនុគ្រោះដល់កសិផលកម្ពុជាផងដែរ។

ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានបញ្ជាក់អំពីការបន្តផ្ដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសថៃលើវិស័យអប់រំ រួមទាំងការផ្តល់អាហារូបករណ៍ មកកម្ពុជា តាមរយៈភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីនីតិវិធីអន្តោប្រវេសន៍ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលស្នាក់នៅប្រទេសថៃ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យភាគីថៃពិចារណាបញ្ចុះតម្លៃទិដ្ឋាការការងារដល់ពលករខ្មែរ។ នៅក្នុងវិស័យដឹកជញ្ជូន ឧបនាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះការ លើកកម្រិតផ្លូវជាតិលេខ៦៧ តភ្ជាប់ពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅខេត្តស៊ីសាកេត ប្រទេសថៃ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរ ដោយផ្តោតទៅលើសុវត្ថិភាព សន្តិសុខ ការកសាងសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្ស។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិ-ការ និងបន្ថែមកិច្ចសម្របសម្រួលរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានផ្តល់សារសំខាន់ចំពោះការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដើម្បីរួមគ្នាកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ស្របពេលដែលកម្ពុជា និងថៃប្តេជ្ញាចិត្តសម្រេចគោលដៅ «ប្រទេសគ្មានគ្រាប់មីន» នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងៗខ្លួន ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃការបញ្ចប់ប្រតិបត្តិការបោសសម្អាតមីននៅតាមព្រំដែនឱ្យបានឆាប់ តាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រទាំងពីរ។

ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងភាពជាដៃគូ ដើម្បីទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់ និងប្រតិបត្តិការឆ្លើយតបបន្ទាន់ ចំពោះគ្រោះមហន្តរាយឆ្លងដែននានា។

ពាក់ព័ន្ធនឹងប្រធានបទតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងមេគង្គ ជាដើម និងជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសថៃក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «ការតាំងពិព័រណ៍ឯកទេស ឆ្នាំ២០២៨» នៅខេត្តភូកេត ព្រមទាំងបានថ្លែងអំណរគុណថៃ ដែលបានគាំទ្រកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី០៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារាហ្គេម ពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីថៃ បានកោតសរសើរពីទំនាក់ទំនងល្អប្រសើរលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ។

នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ទៅលើកិច្ចសហការកាន់តែប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមជាក់ស្តែងរបស់ប្រជាជនទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅតាមបណ្តោយព្រំដែន រួមមានការបើកច្រកទ្វារព្រំដែនអន្តរជាតិនៅទីតាំងចាំបាច់ និងដំណើរការដោះមីននៅតាមតំបន់ព្រំដែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក