ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅសកម្មជនប្រឆាំងរដ្ឋាភិបាល សន ដារ៉ា ដែលកំពុងរស់នៅក្រៅប្រទេសថា «គ្រប់គ្រាន់ហើយ» បន្ទាប់ពីលោក សន ដារ៉ា បានប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានហៅលោក សន ដារ៉ា ថាជាក្មួយប្រុសផងនោះថាក្នុងនាមជាកូនមិនគួរណា សន ដារ៉ា ប្រើប្រាស់ភាសាប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ។
សម្ដេចតេជោបន្ថែមថា៖ «ទាំរាំឪពុកម្ដាយបងប្អូនខ្លួនឯង សន ដារ៉ា វាយប្រហារចុះទម្រាំដល់អ្នកដទៃ? អាហ្នឹងរឿងមួយហើយណាក្មួយៗត្រូវចាំ។ ពូផ្ដល់ការពន្យល់ឱ្យក្មួយ។ មួយទៀតក្មួយនិយាយថា ស្រលាញ់មនុស្ស ស្រលាញ់មិត្តភ័ក្រ ស្រលាញ់ប្រជាជន គេចោទសួរយ៉ាងខ្លីថា បើគ្រាន់តែម៉ែឪខ្លួនឯង ខ្លួនមិនស្រលាញ់ផង តើឱ្យស្រលាញ់ប្រជាជនយ៉ាងមិចទៅ? ក្មួយត្រូវចាំចំណុចនេះរឿងនយោបាយ វាមិនមែនរឿងធម្មតាទេក្មួយ»!
ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនេះបន្ទាប់ពីមានទូរទស្សន៍ក្នុងស្រុកបានចុះផ្សាយដោយបានសម្ភាសន៍ឪពុកម្ដាយរបស់លោក សន ដារ៉ា ដែលបានលើកឡើងថាលោក សន ដារ៉ា របស់អ្នកពីរបានមើលងាយដល់ចំណេះដឹងរបស់ឪពុកម្ដាយខ្លួនថា «ចេះមិនដល់កូន»។
គួរឱ្យដឹងផងដែរថា លោក សន ដារ៉ា គឺជាសកម្មជនប្រឆាំងរដ្ឋាភិបាលរត់គេចខ្លួននៅក្រៅប្រទេស ដែលតែងតែធ្វើវីដេអូអត្ថាធិប្បាយវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។ លោកមានឪពុកកាន់ការងារជាមន្ត្រីយោធានៅកម្ពុជាមួយរូបផងដែរ។
ក្នុងការថ្លែងរបស់នាយករដ្ឋមន្ត្រីនាព្រឹកនេះសម្ដេចតេជោក៏បានលើកឡើងឆ្លើយតបនឹងការលាបព័ណ៌របស់ក្រុមប្រឆាំងដែលថាសម្ដេចបានវាយ និងច្រានម្ដាយឱ្យដួលផងនោះថាជារឿងដែហួសវិស័យ និងស្ទើតែមិនជឿថាក្រុមនេះហ៊ាននិយាយបែបនេះនោះទេ។
សម្ដេចថា៖ «គេអាចនិយាយទៅរួចនូវភាសានេះក្នុងឋានៈខ្ញុំជាកូនកត្តញ្ញូម្នាក់ដែលទទួលបាននូវការគោរពពីប្រជាពលរដ្ឋ គេហ៊ាននិយាយដល់ប៉ុនហ្នឹង។ ខ្ញុំថ្មមម្ដាយខ្ញុំ ខ្ញុំថ្មមឪពុកខ្ញុំណាស់»។
ម្ដាយរបស់នាយករដ្ឋមន្ត្រីឧបាសិកា ឌី ប៉ុក បានទទួលមរណភាពនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៨។
នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅ សន ដារ៉ា ឱ្យងាកមកស្ដាប់គោរពប្រតិបត្តិឪពុកម្ដាយវិញផងដែរ។
លោក សន ដារ៉ា មានអាយុ ៤៤ឆ្នាំ គឺជាសាស្ត្រាចារ្យទស្សនវិជ្ជាមួយរូប ទោះជាយ៉ាងណាលោកតែងតែបង្ហាញនូវភាពអំណួតលើចំណេះដឹងដែលលោកមាននឹងបានវាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅសាលា Westpoint អាមេរិក និងបណ្ឌិតសេដ្ឋកិច្ចពីអង់គ្លេសថាមានចំណេះដឹងមិនដល់ខ្លួនផងដែរ។
ចំនុចនេះសម្ដេចតេជោបានចោទសួរថា បើថាសម្ដេចតេជោពិតជាគ្មានចំណេះដឹងឈ្នះពួកគេមែននោះ តែហេតុអ្វីបានជាក្រុមដែលថាសម្ដេចចេះមិនដល់នោះធ្វើការមិនឈ្នះសម្ដេច?
សម្ដេចថា៖ «អ្នកឯងចោទថាខ្ញុំល្លង់ហើយទីចុងបំផុតអ្នកឯងចាញ់មនុស្សល្ងង់គឺវាជាការអន់ថយខ្លាំងណាស់! បើថាចាត់ទុកថាខ្ញុំជាមនុស្សដែលឆ្លាតម្នាក់អាហ្នឹងដូចសមរម្យបន្ដិចដល់ថាអាល្ងង់នេះមកដឹកនោះប្រទេស។ ចុះបើលោកឯងពូកែណាស់លោកឯងយកឈ្នះខ្ញុំបានហើយ»៕
PHOTO: ហ៊ុន យុទ្ធគុណ