ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការតែងតាំងគណៈអភិបាលខេត្ត រាជធានី ក្រុង ស្រុក កាលពីកន្លងទៅដែលសម្ដេចថាមានការស្នើសុំគណៈអភិបាលដែលជាស្ត្រីតិចពេក។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលផ្ដល់អំណាចដល់មូលដ្ឋានក្នុងការជ្រើសរើសគណៈអភិបាល តែសំណើរស្នើពីមូលដ្ឋានមកកាន់នាយករដ្ឋមន្តីនោះគឺមិនបានពិនិត្យលើយេនឌ័រនោះទេ។
សម្ដេចថា៖ «សំណើរស្នើទៅគឺឃើញតែប្រុសអត់ឃើញស្រី មិនដឹងថាយ៉ាងមិច? ពេលខ្លះខ្ញុំចេះតែរុញមួយទៅ (សម្ដេចតែងតាំង)។ […] ខេត្តដែលមានអភិបាលខេត្តជានារីក៏មិនព្រមតែងតាំងនារីខ្លួនឯងខ្ញុំមិនដឹងថាមិច?»
សម្ដេចតេជោ បានបញ្ជាឱ្យរកវិធីសាស្ត្រតែងតាំងស្ត្រីឱ្យបានច្រើនជាងនេះ។ ខណៈសម្ដេចបានលើកឡើងថាគ្រូបង្រៀន ឬសាស្ត្រាចារ្យក្នុងខេត្តអាចផ្ទេរក្របខណ្ឌមកបាន។
ជាមួយគ្នានេះសម្ដេចតេជោក៏បានណែនាំទៅកាន់ថ្នាក់ការិយាល័យ និងនាយកដ្ឋាននានា ចំណុះក្រសួងឱ្យពិចារណាលើការបញ្ចូលយេនឌ័រក្នុងស្ថាប័នខ្លួនផងដែរ៕