ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងការពេញចិត្តចំពោះការធ្វើកំណែទម្រង់វិមជ្ឍការរបស់កម្ពុជា ដោយថាភាពជោគជ័យនេះហើយទើបធ្វើឱ្យកម្ពុជាជម្នះបាននូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការបញ្ជូនអំណាចទៅថ្នាក់ក្រោមជាតិគឺជាការពង្រឹងសមត្ថភាពរបស់ថ្នាក់មូលដ្ឋានឱ្យគ្រប់គ្រាន់ក្នុងការឆ្លើយតបនូវបញ្ហាបន្ទាន់ៗនានា។
សម្ដេចតេជោថា៖ «ជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ វាបានចង្ហុលបង្ហាញពីជោគជ័យនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ»។
សម្ដេចបានលើកឡើងថាមូលដ្ឋានមានតួនាទីស្នូលក្នុងការជួយប្រជាជន ដោយថាកន្លែងដែលមានកងទ័ពគឺកងទ័ពចូលរួម កន្លែងដែលមានកងរាជអាវុធហត្ថគឺអាចចូលរួមជួយនៅទីនោះតែម្ដង។
ជាមួយគ្នានោះសម្ដេចតេជោក៏បានជំរុញដំណើរការបែងចែកមុខងារផ្ទេរអំណាចទៅមូលដ្ឋានទាំងហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ៕