សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាអាល្លឺម៉ង់ Adidas និងក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក Major League Soccer កាលពីថ្ងៃពុធម្សិលមិញបានប្រកាសពីការបន្តកិច្ចសន្យាបន្ថែមទៀតក្នុងនាមជាដៃគូផ្លូវការ ដែលគេអាចសម្លឹងឃើញថាក្រុមហ៊ុនយក្សអាល្លឺម៉ង់មួយនេះកំពុងសហការយ៉ាងស្អិតរមួតក្នុងនាមជាដៃគូផ្គត់ផ្គង់ផ្លូវការសម្រាប់លីគ ក្លិប និងថ្នាលយុវជន។
នាយកប្រតិបត្តិក្រុមហ៊ុន Adidas លោក Bjorn Gulden បានប្រកាសថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តក្នុងការរួមចំណែកទៅលើការប្រកួតបាល់ទាត់នៅសហរដ្ឋអាមេរិក ហើយអ្វីដែលគួរឱ្យរំភើបជាងនេះទៀតគឺការរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិករួមគ្នាជាសហម្ចាស់ផ្ទះ។
បើតាមប្រភពពីសារព័ត៌មាន CNBC កិច្ចសន្យាថ្មីរវាងក្រុមហ៊ុន Adidas ជាមួយក្រុមហ៊ុន Major League Soccer ថ្មីនេះនឹងមានសុពលភាពរហូតដល់ឆ្នាំ២០៣០ ក្នុងកញ្ចប់ថវិកា ៨៣០លានដុល្លារអាមេរិក ខណៈដែលកិច្ចសន្យាចាស់កាលពីឆ្នាំ២០១៧ មានតម្លៃ ៧០០លានដុល្លារអាមេរិក។
យ៉ាងណាមិញ ប្រភពពីក្រុមហ៊ុន Adidas មិនបានបញ្ជាក់ច្បាស់អំពីព័ត៌មានដែលចុះផ្សាយនេះឡើយ៕