ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រើនរំលឺកដល់ឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំកុមារ ទាំងអស់ ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ ខណៈជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និង មានភាពងាយរងគ្រោះច្រើន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីក្រើនរំលឹកនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះក្រោយមានករណីស្លាប់កុមារីម្នាក់នៅខេត្តព្រៃវែងដោយសារឆ្លងជំងឺផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី២២ ខែកុម្ភៈ។
លោក ម៉ម ប៊ុនហេង បានណែនាំដោយសង្កេតឃើញថាកុមារតែងតែមានការលេង និងឲ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ហើយជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយសារពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះពួកគេ មានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះក៏មានបសុបក្សីដែរ។
លោកថា៖ «ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន»។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរំលឹកដល់មាតាបិតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារកូន និងដាក់កុមារនៅឱ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ និងត្រូវប្រាកដថាកុមារលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។
ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេងបានគូសបញ្ជាក់ថា ប្រសិនបើកុមារមានអាការដកដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថាន សុខាភិបាល ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត ហើយត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល អំពីប្រវត្តិប៉ះពាល់ជាមួយសត្វបសុបក្សីរស់ ឬឈឺ ឬ ងាប់។
គួរឱ្យដឹងដែរថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាមានការចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សដែរ ជាពិសេសលើកុមារដែលអាចមានហានិភ័យឆ្លងខ្ពស់។
សូមរំលឹកថា ករណីស្លាប់កុមារីម្នាក់នៅខេត្តព្រៃវែងនៅថ្ងៃទី២២ ខែកុម្ភៈនេះ គឺជាករណីទី៥៨ហើយ បន្ទាប់ពីករណីទី៥៧រកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។ តាំងពីកម្ពុជាមានជំងឺផ្ដាសាយបក្សីលើកដំបូងនៅឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្នមានអ្នកឆ្លងសរុបចំនួន ៥៨នាក់ ក្នុងនោះមាន ៤៥ករណីកើតលើកុមារអាយុក្រោម ១៤ឆ្នាំ និង៣១ករណីជានារី ខណៈមានតែ ១៩នាក់ដែលនៅតាមជីវិត៕