ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគមទាំង៨ បានសម្ដែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គល ព្រមទាំងស្ថាប័នសារព័ត៌មានមួយចំនួនដែលបានកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណៈប្រឌិតហួសហេតុ។
លិខិតសម្តែងការព្រួយបារម្ភនិងសោកស្តាយរបស់ក្រុមយុវជនសង្គមស៊ីវិលបានចេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអះអាងថាទង្វើនេះបានបង្កឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងបង្កើតនូវភាពអយុត្តិធម៌ ដល់ពួកគេយ៉ាងក្រៃលែង។
អង្គការសង្គមស៊ីវិលទាំង៨នោះកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍រួមបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មានក្នុងការបិទវិទ្យុ VOD។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលទាំង៨ ក៏បានចេញលិខិតថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលតែងតែប្រមាថដល់ព្រះមហាក្សត្រ។
ក្រោយពីបង្ហាញការគាំទ្រលើចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីបិទ VOD និងលិខិតថ្កោលទោសលោក សម រង្ស៊ី អង្គការសង្គមស៊ីវិលទាំង៨នោះទទួលបានការមិនពេញចិត្តពីក្រុមស៊ីវិលកូនកាត់ ហើយមានអង្គភាពសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយបំភ្លើសការពិតពីស្ថានភាពក្រុមខ្លួន។
ក្រុមយុវជននេះអំពាវនាវដល់បណ្ដាជន រួមទាំងស្ថាប័នសារព័ត៌មាន អង្គការ សមាគម ទាំងនោះបញ្ចប់ការហែកហួរ បំបែកបំបាក់ខ្មែរនឹងខ្មែរ បញ្ឈប់ការលាបពណ៌ ប្រមាថមើលងាយ ដែលបង្កការឈឺចាប់ដល់អ្នកដ៏ទៃ ដោយគ្រាន់មិនគាំទ្រគំនិត ឬអ្នកនយោបាយប្រឆាំងដែលពួកគេស្រលាញ់ និងផ្លាស់ប្តូរទស្សនៈទទួលយកចម្រុះគំនិតនៅក្នុងសង្គមជាតិ ដើម្បីរួមចំណែកកសាងប្រទេសជាតិកាន់តែប្រសើរឡើង ជាជាងចាំតែរិះរកវិធីសាស្ត្រគូសវាសផែនការ ធ្វើសកម្មភាព វិច្ឆេទកម្មផ្សេងៗ ដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិលក៏បានផ្ដាំផ្ញើទៅយុវជនសង្គមស៊ីវិលកូនកាត់ ឈប់បង្កជម្លោះ ប្តូរទស្សនៈ ចូលរួមកសាងសង្គមជាតិជាមួយគ្នា ទើបមានឈ្មោះថាយុវជនឈាមថ្មី សម័យរុងរឿង កុំបន្តជាន់ដានប្រវត្តិសាស្ត្រ ដដែលៗដែលព្យាយាមបំបែកខ្មែរនឹងខ្មែរ។
ក្រុមយុវជនសង្គមស៊ីវិលគូសបញ្ចាក់ថា ក្នុងនាមជាយុវជនសសរទ្រូងនៃប្រទេសជាតិនៅតែប្តេជ្ញាចិត្ត បន្តយកចំណេះ ជំនាញ ដើម្បីមានឱកាសចូលរួមចំណែកកសាងមាតុភូមិ និងបន្តផ្សព្វផ្សាយពីគោលការណ៍ សមិទ្ធផលល្អៗរបស់ជាតិយើងទៅកាន់ពិភពលោក ដូចឃ្លាមួយក្នុងបទពង្សាវតាពោលថា «តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរ យើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា»។
គួរឱ្យដឹងដែរថា អង្គការចំនួន៨នោះ រួមមាន ក្រុមយុវជនខ្មែរមហានគេ (IYE) ក្រុមយុវជន ១០០រាត្រី ក្រុមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមសង្គមស៊ីវិលដើម្បីការអភិវឌ្ឍ ក្រុមយុវជនសន្តិភាព និងការអភិវឌ្ឍ និងក្រុមសប្បុរសធម៌ខែ្មរកម្ពុជាក្រោម៕