អារ៉ាប៊ីសាអូឌីត៖ វិស័យកីឡាសម្រាប់ស្រ្តីក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់កម្រិតថ្មីមួយទៀតក្នុងសប្តាហ៍នេះ បន្ទាប់ពីរាជាណាចក្រអារ៉ាប់មួយនេះបានសម្រេចបញ្ជូនអត្តពលិកជាស្រ្តីរបស់ខ្លួនឱ្យចូលរួមក្នុងព្រឹត្តិការណ៍តេន្នីស របស់សហព័ន្ធកីឡាតេន្នីសអន្តរជាតិ (ITF)។
ព្រឹត្តិការណ៍ជម្រុះអាស៊ី អូសេអានី នៃពានរង្វាន់ Billie Jean King Cup Juniors ដែលរៀបចំក្នុងសប្តាហ៍នេះ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា គឺជាលើកទីមួយហើយ ដែលអារ៉ាប៊ីសាអូឌីតបញ្ជូនក្រុមអត្តពលិកនារីចូលរួមក្នុងព្រឹត្តិការណ៍របស់ ITF នេះ។
ប្រធានក្រុមអត្តពលិកនារី នាង Areej Farah ថ្លែងថា នេះគឺពិតជាបទពិសោធន៍ ហើយពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះស្រ្តីក្នុងវិស័យកីឡាវាយកូនបាល់របស់អារ៉ាប៊ីសាអូឌីត ហើយយើងពិតជាមានមោទនភាព និងព្យាយាមធ្វើឱ្យបានល្អបំផុតសម្រាប់ប្រទេសរបស់យើង។
ថ្មីៗនេះ បើទោះបីជាមានកំណែទម្រង់ជាច្រើនដែលឱ្យស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមានសេរីភាពកាន់តែច្រើនក៏ដោយ ក៏ប៉ុន្តែក៏នៅតែមានសិទ្ធិសំខាន់របស់ស្រ្តីជាច្រើនទៀតត្រូវបានរឹតត្បិត។ ជាក់ស្តែងក្នុងវិស័យកីឡា ក្រុមបាល់ទាត់ស្រ្តីអារ៉ាប៊ីសាអូឌីតទើបតែបានប្រកួតផ្លូវការរបស់ខ្លួនជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុណ្ណោះ ខណៈអ្នកគាំទ្រជាស្រ្តីត្រូវបានហាមឃាត់មិនឱ្យចូលក្នុងកីឡដ្ឋានបាល់ទាត់ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។
សហព័ន្ធកីឡាវាយកូនបាល់លើតុអន្តរជាតិ (ITF) បញ្ជាក់ថា ITF បាននឹងកំពុងធ្វើការយ៉ាងជិតស្និទជាមួយសហព័ន្ធកីឡាវាយកូនបាល់អារ៉ាប៊ីសាអូឌីត ជាពិសេសក្នុងការអភិវឌ្ឍន៍គំនិតផ្តួចផ្តើមលើអត្តពលិកវ័យក្មេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕