
សម្តេចតេជោ៖ កម្ពុជាត្រូវការបោសសម្អាតផ្ទៃដីមានមីនជាង ៦០០គីឡូម៉ែត្រការ៉េ ដើម្បីសម្រេចផែនការអស់មីននៅឆ្នាំ២០២៥
ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវការបោសសម្អាតផ្ទៃដីមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មីនមិនទាន់ផ្ទុះចំនួន ១ ៣២៧គីឡូម៉ែត្រការ៉េបន្ថែមទៀត ទើបសម្រេចនូវផែនការ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។
សម្តេចតេជោ បានលើកឡើងថា រយៈពេល ៣០ឆ្នាំនេះ គិតចាប់ពីឆ្នាំ១៩៩២មក មានផ្ទៃដីទំហំ ២ ៥៥៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ៧ភាគរយ និងផ្សេងៗ ២២ភាគរយ ដែលផ្តល់ផលដល់ដោយប្រជាជនចំនួនជាង ១០លាននាក់។
បើតាមសម្តេចតេជោ គិតត្រឹមឆ្នាំ២០២២ មីនប្រឆាំងមនុស្សជាង ១លាន១សែនគ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន ៦ពាន់គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ៣លានគ្រាប់ ត្រូវបានបំផ្លាញចោល។
កន្លងមករដ្ឋាភិបាលកម្ពុជា បានបង្កើតគម្រោងមួយក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានពលរដ្ឋនិងសប្បុរសជននានាជាច្រើនចូលរួម ខណៈរាជរដ្ឋាភិបាលបានបង្កើត«មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដោយប្រមូលបានថវិកា ៣០លានដុល្លារ ក្នុង១ឆ្នាំសម្រាប់ដោះស្រាយបញ្ហាគ្រាប់មីនដើម្បីរំដោះផ្ទៃដីមានមីន និងផ្តល់ដីសុវត្ថិភាពដល់ពលរដ្ឋ។
ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការភាពដែលរងគ្រោះដោយសារបញ្ហានេះ។
សម្តេចតេជោ បានប្រាប់ដល់អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍបន្តស្រាវជ្រាវវិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន។
ទន្ទឹមនឹងដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រាប់ដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងកុំប៉ះពាល់ កុំដុត កុំដំ និងកុំគប់លេង គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយប្រសិនប្រទះឃើញគ្រាប់មីន នៅកន្លែងណាត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះ សម្តេចតេជោបានណែនាំពលរដ្ឋកុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន៕