ខេត្តតាកែវ៖ អស់រយៈមួយខែគត់ដែលពួកក្មេងទំនើង១ក្រុមបានដែលបានគប់ដំថ្មលើកញ្ចក់ឡានបណ្ដាលឱ្យអ្នកជិះជាមួយបែកមុខ បាក់ឆ្អឹងច្រមុះខ្ទេច ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ ពេលនេះត្រូវក្មេងដែលម៉ែឪខំចិញ្ចឹមសង្ឃឹមថាអនាគតរស់នៅស្រួលទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយត្រៀមបញ្ជូនខ្លួនទៅស៊ីបាយក្រហមនៅក្នុងគុក។
ក្មេងទាំង៤នាក់នោះមានអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គប់កញ្ចក់ឡាន ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង ១៦:១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford Raptor ពណ៌ស ខណៈដែលរថយន្តធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីខេត្តកំពត ទៅរាជធានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្តចំអ្នកជិះជាមួយអ្នកបើករងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយឃាត់ខ្លួនសួរចម្លើយ ជនសង្ស័យទាំង៤នាក់បានសារភាពថា នៅថ្ងៃកើតហេតុពួកខ្លួនទាំង៤នាក់ពុំមានចេតនាគប់លើរថយន្តទេ ដោយការគប់នោះគឺគប់លើគូជម្លោះរបស់ខ្លួនប៉ុណ្ណោះ។
កម្លាំងអធិការនគរបាលស្រុកត្រាំកក់បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕