ភ្នំពេញ៖ ទីលានទុកដាក់សំរាមចំនួន ២កន្លែង ដោយ១នៅក្នុងក្រុងកំពង់ឆ្នាំង និង១ទៀតនៅក្នុងក្រុងពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
បើតាមព័ត៌មានផ្សាយដោយក្រសួងសាធារណការ ទីលានទុកដាក់សំរាមនៅទីតាំងទាំងពីរនេះ គឺស្ថិតនៅក្នុងចំណោម ១២កន្លែងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយការបំពុលបរិស្ថាន និងបញ្ហាសុខភាព។
គួរឱ្យដឹងថា ទីលានចាក់សំរាមនៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងក្រុងពោធិ៍សាត់ បានចំណាយទឹកប្រាក់សាងសង់ជាង៣លានដុល្លារអាមេរិក ដោយទីលានចាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង មានលទ្ធភាពផ្ទុកសំរាមបាន ១២០ ០០០ម៉ែត្រគីបដែលអាចប្រើប្រាស់រហូតដល់ ១០ឆ្នាំ ហើយទីលានចាក់សំរាមក្នុងក្រុងពោធិ៍សាត់មានលទ្ធភាពផ្ទុកសំរាមបានដល់ទៅ ១៤០ ០០០ម៉ែត្រគីបដែលអាចប្រើប្រាស់រហូតដល់ ១៥ឆ្នាំ៕