កូរ៉េខាងត្បូង៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី២២ ខែកុម្ភៈនេះថាប្រទេសកូរ៉េខាងត្បូងនឹងមិនតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិន ធ្វើតេស្តរក COVID-19 ទៅលើអ្នកដំណើរមកពីប្រទេសចិនទៀតហើយចាប់ពីខែមីនានេះតទៅ ប៉ុន្តែនៅតែតម្រូវឱ្យមានការធ្វើតេស្តមុនធ្វើដំណើរដដែល។ គួរបញ្ជាក់ថា នេះគឺជាការដកចេញនូវវិធានការសុខាភិបាលមួយពីសំណាក់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងទៅលើប្រទេសចិន ចាប់តាំងពីចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ។
កូរ៉េខាងត្បូងបានដាក់វិធានការមួយចំនួនលើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការដកចេញគោលនយោបាយសូន្យ-COVID ដ៏តឹងរ៉ឹង ក៏៏ប៉ុន្តែកូរ៉េខាងត្បូងបាននិងកំពុងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដោយលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ ដែលមានភាពប្រសើរឡើងនៅក្នុងប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ។
លោក Kim Sung-ho អនុរដ្ឋមន្រ្តីមហាផ្ទៃ និងសុវត្ថិភាព បានលើកឡើងក្នុងកិច្ចប្រជុំឆ្លើយតបនឹងស្ថានភាពកូវីដ-១៩ ក្នុងប្រទេសថា ការបន្ធូរបន្ថយបន្ថែមទៀតនៃវិធានការសុខាភិបាលអាចធ្វើឡើងទៅបាន ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ មកពីប្រទេសចិនបានធ្លាក់ចុះពីចំនួន ១៨,៤ភាគរយនៅសប្តាហ៍ដំបូងនៃខែមករា មកនៅត្រឹមតែ ០,៦ភាគរយក្នុងសប្តាហ៍ទី៣ នៃខែកុម្ភៈ។
លោក Kim បានបន្តថា កាតព្វកិច្ចនៃការធ្វើតេស្តមុនធ្វើដំណើរលើអ្នកដំណើរមកពីចិន នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១០ ខែមីនាខាងមុខនេះ មុននឹងពិចារណាទៅលើការដកចេញនូវវិធានការសុខាភិបាលមួយចំនួនទៀត។ មុននេះផងដែរ កូរ៉េខាងត្បូងបានបន្តការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ក្រោយពេលដែលទីក្រុងប៉េកាំងបានលុបចោលការទប់ស្កាត់ទិដ្ឋាការស្រដៀងគ្នា ដែលធ្លាប់ត្រូវបានដាក់ដោយកូរ៉េខាងត្បូងក្នុងវិធានការសងសឹកប្រឆាំងនឹងការរឹតបន្តឹងពីសំណាក់មន្រ្តីសុខាភិបាលទីក្រុងសេអ៊ូលលើអ្នកដំណើរមកពីចិន៕