រុស្សី៖ ប្រធានាធិបតីរុស្សី Vladimir Putin នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈម្សិលមិញនេះ បានព្រមានទៅកាន់លោកខាងលិចពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជំលោះជាមួយអ៊ុយក្រែនដោយផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរទ្វេភាគី ដោយប្រកាសថាប្រព័ន្ធយុទ្ធសាស្ត្រថ្មីត្រូវបានដាក់ចំពោះកាតព្វកិច្ចប្រយុទ្ធ និងព្រមានថាទីក្រុងម៉ូស្គូអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។
នេះគឺជាការថ្លែងលើកដំបូងជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែនពីសំណាក់លោក Putin ដោយលោកបានបញ្ជាក់ថារុស្សីនឹងព្យាយាមប្រើប្រាស់គ្រប់វិធីដើម្បីសម្រេចគោលដៅនៃសង្គ្រាមរបស់ខ្លួន និងប្រាប់ទៅកាន់លោកខាងលិចថាកុំព្យាយាមមានបំណងបំពានមកលើរុស្សីឱ្យសោះ។ លោកបាននិយាយថា លោកខាងលិចត្រូវតែភ្ញាក់រលឹក និងទទួលស្គាល់ថាពួកគេពិតជាមិនអាចឈ្នះរុស្សីក្នុងសមរភូមិបានឡើយ។
ដោយឡែក លោកពូទីនក៏បាននិយាយសំដៅទៅកាន់សហរដ្ឋអាមេរិកថាប្រទេសមួយនេះកំពុងលូកដៃចូលទៅក្នុងសង្គ្រាមដែលអាចបណ្តាលឱ្យទៅជាវិបត្តិសកល ហើយលោកថារុស្សីនឹងពិចារណាទៅលើការផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់ចុងក្រោយបង្អស់រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ គួរឱ្យដឹងថា សន្ធិសញ្ញា New Start ដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងអតីតប្រធានាធិបតី Dmitry Medvedev ដែលជាសន្ធិសញ្ញាកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយបាន។ តាមកិច្ចព្រមព្រៀង សន្ធិសញ្ញានេះនឹងផុតកំណត់នៅឆ្នាំ២០២៦ខាងមុខ។
ក្នុងគ្រាជាមួយគ្នានោះ មេដឹកនាំរុស្ស៊ីលោក Putin បាននិយាយដោយមិនលើកឡើងពីភ័ស្តុតាងថា មនុស្សមួយចំនួននៅក្រុងវ៉ាស៊ីនតោនកំពុងគិតអំពីការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។ លោកបាននិយាយថា ក្រសួងការពារជាតិរុស្ស៊ី និងសាជីវកម្មនុយក្លេអ៊ែរ គួរតែត្រៀមខ្លួន ដើម្បីសាកល្បងអាវុធនុយក្លេអ៊ែររុស្ស៊ី ប្រសិនបើចាំបាច់។ រុស្ស៊ី និងសហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់ដែលបន្សល់ទុកពីសង្គ្រាមត្រជាក់ ហើយនៅតែជាមហាអំណាចនុយក្លេអ៊ែរធំបំផុត។ បើគិតតែពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ សហរដ្ឋអាមេរិក និងរុស្សី មានការកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបលើពិភពលោក៕