ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រកាសថ្កោលទោស ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀតដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងញាត្តិថ្កោលទោសចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការប្រមាថម្ដងហើយម្ដងទៀតពីសំណាក់ទណ្ឌិត សម រង្ស៊ី លើព្រះមហាក្សត្រគឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងទោសឱ្យបាន។
ការប្រកាសថ្កោលទោសនេះក្រោយ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចោទប្រកាន់ យ៉ាងគឃ្លីន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងអោយបានជាដាច់ខាត។
ក្នុងញាត្តិនោះបានលើកឡើងថា៖ «ការចោទប្រកាន់យ៉ាងគឃ្លើន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោតត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើល្មើសដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងអោយបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន ដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត៕